(ញូយ៉ក)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍ នេះថា ពួកគេបានស្នើឲ្យរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ឲ្យអនុម័តការ ប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់មនុស្សពេញវ័យទាំងអស់ ដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើង នោះទើបអត្រានៃការចាក់វ៉ាក់សាំងដូសទី ៣ នេះកើនឡើងខ្ពស់។
បើតាមសារព័ត៌មានអាមេរិក The Hill ការបោះជំហានរបស់ក្រុមហ៊ុន Pfizer ខាងលើនេះបាន កើតឡើង ជាផ្នែកមួយនៃការជជែកដេញដោលជាយូរមកហើយ ក្នុងចំណោមអ្នកជំនាញ ទៅលើក្រុម អាយុដែលគួរតែមានសិទ្ធិ ទទួលបានការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះ។ ក្រុមប្រឹក្សាយោបល់របស់ FDA បានបោះឆ្នោតប្រឆាំងនឹងពាក្យស្នើសុំ សម្រាប់ការចាក់ដូសជំរុញដល់មនុស្សពេញវ័យទាំង អស់ កាលពីខែកញ្ញា ដែលត្រូវបានគេមើលឃើញថា ជាការ «ប៉ះទង្គិច» ដល់ការប្រកាសទុកមុន របស់រដ្ឋបាល លោក ចូ បៃដិន អំពីផែនការជំរុញការចាក់វ៉ាក់សាំង ឲ្យបានកាន់តែទូលំទូលាយ នោះ។
បច្ចុប្បន្នវ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវបានអនុម័តឲ្យចាក់ដូសជំរុញ សម្រាប់ មនុស្សមានន័យ ៦៥ឆ្នាំឡើងទៅប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចាក់ដូសទី ២ រួចរយៈពេល ៦ខែ។ ការចាក់ត្រូវតែផ្តោតជាសំខាន់ ទៅលើក្រុមមនុស្សដែលមានជំងឺប្រចាំកាយរុំារ៉ៃដូចជា ទឹកនោមផ្អែម, តម្រងនោម ឬស្ត្រីមានផ្ទៃពោះជាដើម។ បន្ថែមពីនេះ អ្នកបម្រើការងារដែលប្រឈមនឹងការឆ្លង COVID-19 ក្នុងកម្រិតខ្ពស់ ក៏អាចទទួលការចាក់ដូសជំរុញនេះផងដែរ នៅទូទាំងសហរដ្ឋអាមេរិក៕

































