(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ជុំវិញអំពើ ហិង្សាដែលបាននិងកំពុងកើនឡើង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងសេចក្តីថ្លែងការ ណ៍ដ៏កម្រមួយ ដែលត្រូវបានឯកភាពដោយសមាជិកទាំង ១៥ ប្រទេស បានជំរុញឱ្យគ្រប់ភាគីនៅ ក្នុងប្រទេសអាស៊ានមួយនេះ បិទបញ្ចប់ការប្រយុទ្ធជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ាត្រូវអនុវត្ត ការអត់ធ្មត់ជាអតិបរមា។
បើតាម UNSC សមាជិកទាំងអស់បានពិនិត្យមើលរបាយការណ៍នានា អំពីការដាក់ពង្រាយកង កម្លាំងយោធា និងសព្វាវុធធុនធ្ងន់នៅក្នុងរដ្ឋ ឈីន (Chin) ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដើម្បី ត្រៀមកម្ទេចកងជីវពល ដែលត្រូវបានបង្កើតឡើងក្រោយរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍រួមរបស់ UNSC នៅថ្ងៃពុធសប្តាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ ថា «សមា ជិកនៃក្រុមប្រឹក្សាសន្តិសុខ ពិតជាមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអំពើហិង្សាដែលនឹងអាច កើនឡើងបន្ថែមទៀត នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ យើងបានទទូចឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងធានាសុវត្ថិភាពដល់ជនស៊ីវិលទាំងឡាយ»៕

































