តុលាការធម្មនុញ្ញប្រទេសថៃ សម្រេចថាសុន្ទរកថារបស់មេដឹកនាំក្រុមបាតុករ ៣រូប មានចេតនាផ្ដួល រំលំរបបរាជានិយម


(បាងកក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា តុលាការធម្មនុញ្ញថៃនៅថ្ងៃព្រហស្បតិ៍នេះបានចេញសេចក្ដី សម្រេចមួយដោយ បញ្ជាក់ថាសុន្ទរកថារបស់មេដឹកនាំក្រុមបាតុករ ៣រូប ដែលទាមទារឱ្យមានការធ្វើ កំណែទម្រង់របបរាជានិយម ថៃ គឺមានចេតផ្ដួលរំលំរបបរាជានិយមនៃប្រទេសអាស៊ីអាគ្នេយ៍មួយ នេះ។  នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន, តលាការធម្មនុញ្ញថៃបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ យើងអនុញ្ញាតឱ្យ, ជនជាប់ចោទទី១ ទី២ និងទី៣ និងបណ្ដាញរបស់ពួកគេបន្ត ប្រព្រឹត្តទង្វើបែបនេះ តទៅទៀត នោះមិនយូរមិនឆាប់ វានឹងនាំទៅរកការផ្ដួលរំលំរបបរាជានិយមអា្រស័យរដ្ឋធម្មនុញ្ញ នៃប្រទេស»។ បើតាមតុលាការធម្មនុញ្ញថៃ, សុន្ទរកថា របស់មេដឹកនាំក្រុមបាតុករទាំង៣នាក់ខាង លើមានលក្ខណៈបំពានសិទ្ធិសេរីភាព និងបំផ្លាញសន្តិសុខជាតិ ខណៈតាមរយៈសេចក្ដីសម្រេចនេះ ពួកគេអាចនឹងប្រឈមុខនឹង ការកាត់ទោសពីបទក្បត់ជាតិ។

សូមជម្រាបជូនថា ក្រុមបាតុករថៃទាំង៣នាក់ខាងលើរួមមាន ស្រ្តីវ័យក្មេងម្នាក់ឈ្មោះ ប៉ានូសាយ៉ា ស៊ីធីជីរ៉ាវត្តនាគុល (Panusaya Sithijirawattanakul), លោក អានុន នុមប៉ា (Anon Numpa) និងលោក ប៉ានូពុង ចាដនុក (Panupong “Mike” Jadnok)។ ពួកគេធ្លាប់ដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែសី ហា ឆ្នាំ២០២០កន្លងទៅ ហើយមិនតែប៉ុណ្ណោះកំឡុងបាតុកម្មនោះ អ្នកទាំងនេះក៏បានលើកឡើង នូវសំណើចំនួន១០ចំណុច ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ របបរាជានិយម ក្នុងនោះរួមមានអំណាច របស់ព្រះមហាក្សត្រ និងច្បាប់ប្រមាថព្រះចេស្ដាដែលពួកគេជឿជាក់ថាជាទោសធ្ងន់ធ្ងរហួសហេតុ និងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ៕