ចិនថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនៅកោះតៃវ៉ាន់ ដោយចាត់ទុកថាជារឿងដ៏គ្រោះថ្នាក់ និងប្រថុយប្រថានបំផុត


(ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ប្រាប់អោយដឹងថា ប្រទេសចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងៗជាថ្មីម្តងទៀតនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះ ចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ខណៈដែលភាព តានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ក្រសួងការបរទេសរបស់តៃវ៉ាន់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលតាមពិតជាស្ថានទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅលើកោះនេះ ដោយបានបន្ថែមថា ខ្លួននឹងផ្តល់ជំនួយផ្នែករដ្ឋបាលចាំបាច់នានា។

ទីក្រុងប៉េកាំងបានឆ្លើយតបបែបគំរាមថា «សកម្មភាពប្រថុយប្រថាន និងបង្កហេតុបែបនេះ» នឹងត្រូវ បញ្ចប់ដោយការបរាជ័យ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌ មានមួយថា «ការរួមដៃជាមួយកងកម្លាំងឯករាជ្យតៃវ៉ាន់ គឺជាល្បែងដ៏គ្រោះថ្នាក់ ហើយការលេងជា មួយភ្លើងនឹងនាំឱ្យឆេះខ្លួនឯង»

សូមបញ្ជាក់ថា យោធាចិនបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំពីការរៀបចំកងកម្លាំងល្បាត ដើម្បីបង្កើនការត្រៀមលក្ខណៈទុកជាមុន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការបរទេស ចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិក ដែល បានមកដល់ទីក្រុងតៃប៉ិ តាមរយៈយន្តហោះយោធាមួយគ្រឿង៕