(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ជាមោទនភាពដែល ប្រជាកសិករទទួលបានទិន្នផលស្រូវច្រើនជាងឆ្នាំកន្លងទៅ តែក៏សោកស្តាយចំពោះតម្លៃបានថយ ចុះខុសពីឆ្នាំមុនៗ។
ការថ្លែងបែបនេះ ខណៈពេលលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ស្ថានភាពការប្រមូលផល របស់ប្រជាកសិករក្នុងឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តម វ៉ី សំណាង បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកំពង់ស្ពឺការបង្កបង្កើនផលឆ្នាំនេះ ប្រជា កសិករធ្វើស្រែលើសពីផែនការមានចំនួនរហូតដល់ទៅជាង ១២ម៉ឺនហិកតា ដែលឆ្នាំមុនសម្រេចបាន តែជាង ១១ម៉ឺនហិកតាប៉ុណ្ណោះ។ ខណៈដែលការបង្កបង្កើនលើសពីផែនការនេះដែរ អ្វីដែលប្រជា កសិករ និងអាជ្ញាធរមានមោទនភាពគឺទិន្នផលទទួលបានលើសពីការរំពឹងទុក ដោយទទួលបានទិន្ន ផលស្រូវជាង ៣តោនក្នុងមួយហិកតា។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បន្តថា ហើយអ្វីដែលប្រជាកសិករទទួលបានលើស ពីការរំពឹងទុកនេះ គឺបណ្តាលមកពីការអំណោយផលនៃជីវជាតិដី អាកាសធាតុ និងទឹកគ្រប់គ្រាន់ ប៉ុន្តែឆ្នាំនេះបញ្ហាទឹកហាក់រៀងលើសបន្តិចដោយសារតែបញ្ហាភ្លៀងខុសរដូវ និងមានព្យុះទឹកភ្លៀង ហើយព្យុះនេះក៏បង្កឱ្យមានទឹកដក់ក្នុងស្រែច្រើន ដែលបង្កឱ្យមាន ការលំបាកដល់ការប្រមូលផល របស់ប្រជាកសិករយើង។ តែទោះជាមានបញ្ហាចោទ ដល់ការប្រមូលផលយ៉ាងនេះក្តី វាក៏ប្រសើរដែរ យើងស៊ូច្រូតស្រូវក្នុងទឹក ប្រសើរជាគ្មានស្រូវច្រូតដែរ។

ទន្ទឹមនិងមោទនភាពនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការសោកស្តាយ ចំពោះទិន្ន ផលដែលប្រជាកសិករទទួលបានក្នុងឆ្នាំនេះ គឺបញ្ហាតំលៃចុះថោកជាងឆ្នាំមុនៗ ដោយឆ្នាំនេះកសិករ លក់ទិន្នផលស្រូវបានតែ១០៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម បើធៀបជាមួយនឹងឆ្នាំមុន កសិករ លក់បានចាប់ពី ១១០០រៀល ទៅ១៣០០រៀល។

ឯកឧត្តម បានបញ្ជាក់ថា ទោះជាតំលៃនេះថយមកត្រឹម១០៥០រៀលក្នុងមួយគីឡូក្រាម ក៏កសិករនៅ តែ ចំនេញ ខ្លះដែរ តែគ្រាន់ថាការចំនេញនេះវាមិនសមតាមទៅតាមអ្វីដែលពួកគាត់រំពឹងទុក ប៉ុណ្ណោះ៕

































