(កំពង់ចាម)៖ ក្រោយដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន អស់រយៈពេលជិត៨ខែ ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ពីទឹកដីនៃខេត្ត កំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចនឹងបើកសម្ពោធដាក់ឱ្យប្រើជាផ្លូវការ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា និងដឹកជញ្ជូន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមានការចូលរួមពីក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ពិនិត្យមើលទីតាំង ដើម្បីស្វែងរកដំណោះស្រាយ ចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួប ប្រទះអំឡុងពេលអនុវត្តការងាររបស់ខ្លួន។
សូមជម្រាបថាស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និង ឆាប់រហ័ស ដែលកន្លងមកប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងសាឡាង ស្ពាននេះក៏ជាកន្លែងផ្តល់នូវសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើង ដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ផងដែរ៕

































