(សិង្ហបុរី)៖ តាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អោយ ដឹងថាអាជ្ញាធរពន្ធនាគារសិង្ហបុរី (SPS) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា មនុស្សជាង ២០០នាក់ នៅតាមពន្ធនាគារទូទាំងប្រទេសសិង្ហបុរី ក្នុងនោះរួមមានដូចជាអ្នកទោស និងមន្ត្រីពន្ធនាគារជាដើម ត្រូវបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ SPS បានបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកទោស ចំនួន ១៦៩នាក់, អ្នកមើលការខុសត្រូវចំនួន ៥៤នាក់ និងបុគ្គលិកចំនួន ០៩នាក់ត្រូវបានគេធ្វើ តេស្តវិជ្ជមានចំពោះជំងឺ COVID-19។ SPS បានគូសបញ្ជាក់បន្ថែមទៀតថា មិនមានបុគ្គលិក ឬ អ្នកទោសណាម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ប៉ុន្តែកន្លងមកនេះមន្ត្រីឆ្មាំចំនួន ០៣ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពួកគេបានចេញរោគសញ្ញា ហើយបច្ចុប្បន្ន សុខភាពរបស់ពួកគេ គឺមានស្ថិរភាពធម្មតា។
ក្នុងចំណោមអ្នកទោសចំនួន ១៦៩នាក់ មាន ១១៦នាក់មកពីស្ថាប័ន A1 នៃពន្ធនាគារ ឆាងហ្គី (Changi Prison Complex) រួមទាំងអ្នកទោស ដែលកំពុងរង់ចាំការប្រហារជីវិតផងដែរ។ ពួកគេបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 នៅចន្លោះពីថ្ងៃទី០៦ ដល់ថ្ងៃ ទី១០ ខែវិច្ឆិកា។ រីឯអ្នកទោសដែលនៅសេសសល់ រួមមានអ្នកទោសដែលទើបនឹងចូលថ្មី ដែលបាន ឆ្លងជំងឺនេះ មុនពេលចូលមកកាន់ពន្ធនាគារ និងអ្នកទោសដែលបានរាយការណ៍ថា បានចេញរោគ សញ្ញា ខណៈពេលនៅក្នុងពន្ធនាគារ៕

































