ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ចោទនាយករដ្ឋមន្ត្រីក្រិកថានិយាយកុហក រឿងវិបត្តិជន អន្តោប្រវេសន៍


 (អង់ការ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចោទប្រកាន់ថានាយករដ្ឋមន្ត្រីក្រិកលោក គីរីកូស មីតសូតាគីស (Kyriakos Mitsotakis) បាននិយាយកុហកពាក់ព័ន្ធនឹងវិបត្តិជនអន្តោប្រវេសន៍ក្នុង តំបន់អឺរ៉ុប។

ការលើកឡើងខាងលើរបស់លោក អឺដូហ្កាន់ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋ មន្ត្រីហុងគ្រី លោក វ៉ិចទ័រ អ័របាន (Viktor Orban) ដែលបំពេញទស្សនកិច្ច នៅតួកគី។ ថ្លែងនាឱកាសនោះ លោក អឺដូហ្កាន់បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការបន្ទោស ឬទម្លាក់កំហុសលើ តួកគីជុំវិញវិបត្តិជនអន្តោប្រវេសន៍ វាជាទង្វើមិនដឹងគុណ»។ លោកបន្ថែមថាគឺក្រិកទៅវិញទេដែលបានបណ្ដេញជនអន្តោប្រវេសន៍ និងបង្ខំឱ្យពួកគេត្រូវប្រថុយ ជីវិតនៅលើសមុទ្រមេឌីទេរ៉ាណេ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីក្រិក លោក មីតសូតាគីស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានលើក ឡើងថាក្រិកបានស្ទាក់ចាប់ទូកដឹកជនអន្តោប្រវេសន៍ជាច្រើនមកពីតួកគី ប៉ុន្តែ លោកផ្ទាល់បាន ច្រានចោលការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកបណ្ដេញជនអន្តោប្រវេសន៍ទាំងនេះ៕