បើតាមលោក Jean Castex បារាំង អាចបញ្ចៀសវិធានការបិទខ្ទប់ និងសង្រ្គោះពិធីបុណ្យណូអែល ចំពោះមុខការឆ្លងរាលដាល នៃវីរុសបំប្លែងថ្មី Omicron



(ប៉ារីស)៖  យោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១គឺ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) នៅថ្ងៃចន្ទដើម សប្ដាហ៍នេះបាននិយាយថា ប្រទេសរបស់លោកនឹងដាក់ ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាបិទក្លឹបរាត្រី នៅមុនថ្ងៃបុណ្យណូអែល ដើម្បីឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron ដែល ត្រូវ បានរកឃើញនៅក្នុងប្រទេសចំនួន ២៥ករណី តែមិនចាំបាច់ដាក់ចេញនូវវិធានការបិទខ្ទប់ ឬបម្រាមគោចរសារជាថ្មីឡើយ។

បើតាមលោក Jean Castex រលកទី៥ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នាពេលឥឡូវនេះ កំពុងកើនឡើងនៅទូទាំងប្រទេសបារាំង។ ប៉ុន្តែ ប្រជាជនជាង ៥២លាននាក់ នាពេលឥឡូវនេះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលជិត៩០ភាគរយនៃអ្នកដែលមានសិទ្ធិ ទទួលការចាក់ វ៉ាក់សាំង ហើយស្ថានភាព ក៏ប្រសើរជាងការផ្ទុះឡើងពីមុនផងដែរ ដែលមិនចាំបាច់ដាក់ចេញនូវ វិធានការរឹតត្បឹត ដ៏តឹងរ៉ឹងខ្លាំងនោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) ក៏បានលើកឡើងដែរថា ការចាក់វ៉ាក់សាំងដូសជំរុញ និងការរក្សា គម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងជាងមុន នឹងអនុញ្ញាតឱ្យ ប្រទេសបារាំងចៀសវាងពីការបិទខ្ទប់សារជាថ្មី ដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តក្នុង បណ្ដាប្រទេស អឺរ៉ុបមួយចំនួន។

លោក Olivier Veran បានបន្ថែមថា «យើងចង់ឆ្លងកាត់រលកនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដោយគ្មានការដាក់កំហិតលើប្រជាជន បារាំងទាំងមូល មិនថាពួកគេបានទទួលការចាក់វ៉ាក់សាំង រួចរាល់ហើយ ឬអត់នោះទេ»