សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រី របស់មីយ៉ាន់ម៉ា។

លិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ត្រូវបានលោក វុន ម៉ោងលីន (Wunna Maung Lwin) រដ្ឋ មន្ត្រីការបរទេសមីយ៉ាន់ម៉ា ជូនសម្តេចតេជោក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុង ជំនួបនេះថា សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញនេះហើយ ហើយសម្តេចនឹង អញ្ជើញទស្សនកិច្ចនៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងជំនួបដ៏មានសារៈសំខាន់នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគ ហើយក៏បានពិភាក្សាទៅលើបញ្ហារបស់អាស៊ាន។ បញ្ហាអាស៊ាន គឺ ពិភាក្សាលើការស្វែងរករកមធ្យោបាយធ្វើឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពល្អ ឡើងវិញ។

សូមបញ្ជាក់ថា លោក វុន ម៉ោងលីន រដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ា បានអញ្ជើញមកទស្សនកិច្ច នៅកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ។ ដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់កម្ពុជា ក្នុងគោលដៅ សំខាន់លើការរិះរកនូវដំណោះស្រាយពាក់ព័ន្ធនឹងអាស៊ាន។

ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជា ត្រូវធ្វើជាម្ចាស់នៃកិច្ចប្រជុំរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានឡើងវិញ ជាពិសេសចង់ឃើញសមាសភាពមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅក្នុងតំបន់មួយនេះ ខណៈកិច្ចប្រជុំរបស់អាស៊ាននៅឆ្នាំ២០២១ មិនមានវត្តមានរបស់មីយ៉ាន់ម៉ានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នាថ្ងៃ ទី០៦ ខែធ្នូ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺនឹងមានកិច្ច ពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ាដើម្បីស្វែងរកគន្លឹះឱ្យអាស៊ានមានសមាជិកគ្រប់ចំនួនក្នុងកិច្ចប្រជុំឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃ នោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ានឆ្នាំ២០២២៕