ទូតវៀតណាមថ្មីប្រចាំកម្ពុជា ថា ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យកម្ពុជាក្លាយជា កន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ


 (ភ្នំពេញ)៖ ក្នុងឱកាសដែលត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រចាំកម្ពុជាបានកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹក នាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួល បានជោគជ័យ យ៉ាងធំធេង ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ និងក្លាយជាទីកន្លែង សុវត្ថិភាពសម្រាប់ អ្នកទេសចរ។ នាឱកាសនោះដែរ លោកក៏ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ថវិកា និង បរិក្ខាពេទ្យដល់ ប្រទេសវៀតណាម នៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ ប្រទេស កម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកអគ្គរដ្ឋទូតថ្មីវៀតណាម បានសន្យាចំពោះ សម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅ កម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការជាមួយកម្ពុជា ឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។

ជាមួយគ្នានេះដែរ លោក ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈ កូវីដ១៩ នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់នៅក្នុងនោះការ នាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះ លោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ប្រចាំនៅកម្ពុជា។

សម្តេចបានប្រសាសន៍លើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជាពិតជាមានសារ សំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ប្រធានរដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាល ប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោ ជន៍ដល់ប្រជាជាតិទាំងសង្ខាង។

ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសវៀត ណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដល់រដ្ឋ សភាកម្ពុជា ដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀត ណាមផងដែរ។

សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានេះ គ្រោងនឹងបើកការដ្ឋាន នៅដើមឆ្នាំ២០២២ ខាងមុខនេះ៕