ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឯកភាពឱ្យលើកប៉ាណូបោះបង្គោលដាំដើមឬស្សីឡើងវិញ លើដីព្រៃ លិចទឹកតំបន់៣ បឹងទន្លេសាប ខេត្តបន្ទាយមានជ័យ


 (បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំនៅក្នុងសាលប្រជុំសាលាខេត្ត នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឧបនាយករដ្ឋម ន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋ បាលខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាលើការជំរុញឱ្យលើកប៉ាណូបោះបង្គោល ដាំដើមឬស្សី ឡើងវិញ លើដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ហើយត្រូវរឹបអូសយកមកវិញ និងធ្វើការអភិរក្ស ឲ្យបាននៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះមានការចូលរួមមានឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ក្នុងការចុះបំពេញបេសកម្មនៅខេត្តបន្ទាយមានជ័យនេះ ក្នុងបំណងបន្តអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល បានថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹក និងបឹងទន្លេសាបទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ធ្វើជាកម្មសិទ្ធិ។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជាបានចេញអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ ដែនព្រៃលិចទឹកក្នុងតំបន់៣ បឹងទន្លេសាប មានចំនួន ៦៤៧,៤០៦ហិចតា ស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ)។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងនោះនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានទំហំ ១២,២៩៧ហិចតា និងមាន៤៨ ចំណុចនិយាមការ ស្ថិតនៅក្នុងឃុំប្រាសាទ និងភ្នំលៀប ស្រុកព្រះ នេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា នៅឆ្នាំ២០២១០-២០១១ ត្រូវបានបោះបង្គោលកំណត់ ព្រំដីតំបន់ ថ្នាក់ជាតិបាន១១បង្គោល និងថ្នាក់ខេត្តបាន១៥បង្គោល, ការស្រាវជ្រាវបឋមរបស់មន្ទីរ កសិកម្មខេត្ត រកឃើញការទន្ទ្រានចាស់លើ ដីព្រៃលិចទឹកតំបន់៣ ចំនួន១១ទីតាំង ស្មើទំហំ ៥,៣៥០ ហិចតា, នៅឃុំប្រាសាទ ៣ទីតាំងស្មើ ៦៥០ហិចតា, នៅឃុំភ្នំលៀប ៨ទីតាំង ស្មើ៤,៧០០ហិចតា ។

ក្រោយបទបញ្ជាសម្តេចតេជោ ក្រុមចម្រុះខេត្តបានចុះពិនិត្យ ហើយរបាយការណ៍របស់កងរាជអាវុធ ហត្ថខេត្ត បានរកឃើញនៅចំណុច៣ខាងលើ ថាមានការរំលោភចូលអាស្រ័យផលពីពលរដ្ឋចំនួន ៤៣៩នាក់ (ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៤១៩នាក់) អស់ផ្ទៃដីប្រមាណ ៧,៨៣៤,២៤ហិចតា។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ក្នុងនោះរដ្ឋបាលខេត្តបានបង្កើតក្រុមការងារចម្រុះពិនិត្យ និង ស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនោះ៤ក្រុមជំនួយការ។ បានចេញលិខិត ស.ជ.ណ ស្តីពីការចុះ ទប់ស្កាត់ និងបង្ក្រាបការរុករានទន្ទ្រានកាន់កាប់អាស្រ័យផលនៅភូមិសាស្ត្រទាំង៣ ឃុំនៃ២ស្រុក។

ក្រុមការងារចម្រុះដឹកនាំដោយលោក អ៊ុំ រាត្រី និង ឯកឧត្តម លាង មុន្នីរឹទ្ធ រដ្ឋលេខាធីការក្រសួងរៀប ចំដែនដី បានចុះពិនិត្យទីតាំងជាក់ស្តែង។ ក្រុមការងារបច្ចេកទេសបានស្វែងរក និងផ្ទៀងផ្ទាត់ បង្គោលតំបន់៣ ភូមិសាស្ត្រខេត្តចំនួន ២៦បង្គោល គឺត្រឹមត្រូវតាមនិយាមការក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

ក្នុងនោះបង្គោលខ្លះរក្សាទ្រង់ទ្រាយដើម ខ្លះដួល ទ្រេត រលំ ខ្លះខុសទីតាំង ខ្លះបាត់ និងខ្លះចូលមិន ដល់ខេត្តក៏លើកឡើងពីទិសដៅបន្តការស្នើសុំគោលការណ៍ណែនាំអនុវត្តបន្តចំនួន៨ចំណុច។ ឆ្លងកាត់ការពិភាក្សា ពិគ្រោះយោបល់ អំពីវឌ្ឍនភាពការងារ ក្នុងការពិនិត្យ ស្រាវជ្រាវ និងវិធានការ ចំពោះមុខ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពនោះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដាក់ចេញផែនការ និងវិធានការចំនួន ៥ចំណុចដូចខាងក្រោម៖

*ទី១៖ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យ បញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញ លិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
*ទី២៖ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹក បន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវ ច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
*ទី៣៖ ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
*ទី៤៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ ការទន្ទ្រានដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
*ទី៥៖ ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប៕