(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាត ជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ស្តីពីការផ្តល់ ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ដូច្នេះថា៖ «អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នាដើម្បីធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនយើង ប្រទេសយើង និងក្នុងតំបន់ទាំងមូល»។
នៅថ្ងៃនេះ ប្រទេសអូស្ត្រាលីបានចាប់ផ្តើមនៃការប្រគល់វាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer BioNTech ចំនួន ២,៣៥លានដូសដល់ប្រជាជនកម្ពុជា។ ជំនួយវ៉ាក់សាំងប្រភេទ Pfizer នេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួន ៧៨៣,០០០ ដូស ហើយនឹងបន្តដឹកមកដល់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចំនួន ១,៥៦៧,៥៣០ដូសទៀត។
សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់បន្ថែមថា «នេះបង្កើតបានជាផ្នែកមួយនៃការ ប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចែករំលែកវាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ៦០លានដូស ជា មួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រឹមដំណាច់ឆ្នាំ២០២២ ដែលបានចែកចាយបានជាង ១០លានដូសមក ហើយ រហូតមកដល់បច្ចុប្បន្ននេះ»។

លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដោយធ្វើការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ Pfizer-BioNTech ចំនួន ២,៣៥លានដួស។ ការបរិច្ចាកវ៉ាក់សាំងនេះ ជាលើកទីមួយហើយ ដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនច្រើនបែបនេះ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា»។
លោក Andreas Zurbrugg បានបន្ថែមថា៖ «អូស្ត្រាលីយល់ថាយុទ្ធនាការចាក់វ៉ាក់សាំង ប្រកប ដោយជោគជ័យ គឺទាមទារឱ្យមានការធ្វើផែនការ ការគ្រប់គ្រង សម្ភារៈបរិក្ខា ការចែកចាយ និងការ បណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នាត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជន ដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ។ នេះជាមូលហេតុដែលយើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ តាមរយៈជំនួយឥតសំណងដែលមានថវិកាចំនួន២៨លានដុល្លារអាមេរិក។ បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុងជួយបណ្តុះបណ្តាលបុគ្គលិក សុខាភិបាល ព្រមទាំងផ្តល់ ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារផងដែរ»។
បន្ថែមពីនេះ អូស្ត្រាលីកំពុងធ្វើការជាដៃគូជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ។ លោក Andreas Zurbrugg បានមាន ប្រសាសន៍ថា៖ «ជំនាញរបស់អង្គការយូនីសេហ្វ ក្នុងការទិញ និងចែកចាយវ៉ាក់សាំង ជាពិសេសទៅ កាន់ទីតាំងដែលពិបាកទៅដល់ នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ រួមទាំងជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ»។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ ថា៖ «ជំងឺរាតត្បាតនេះ បានបង្ហាញឱ្យឃើញជាថ្មីម្ដងទៀតថា មធ្យោបាយតែមួយគត់ដែលយើង អាចដោះស្រាយបញ្ហាប្រឈមធំបំផុតនានារបស់យើង គឺភាពជាដៃគូជាមួយគ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលអូស្ត្រាលីជាដៃគូដ៏សំខាន់បំផុតមួយ របស់អង្គការយូនីសេហ្វ នៅក្នុងតំបន់»។
លោកស្រីបានបន្ថែមថា៖ «ការគាំទ្ររបស់អូស្ត្រាលីមិនត្រឹមតែផ្ដល់វ៉ាក់សាំងដែលត្រូវការបំផុត ក្នុងដំណាក់កាលសំខាន់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច ឱ្យយើងគាំទ្រដល់រដ្ឋាភិបាល និងដាក់ឲ្យដំណើរការនូវប្រព័ន្ធត្រជាក់ និងសមត្ថភាព សម្រាប់រក្សាទុក វ៉ាក់សាំង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសុខាភិបាលជាអចិន្ត្រៃយ៍ ហើយអាចឱ្យប្រព័ន្ធសុខា ភិបាលនេះឆ្លើយតបកាន់តែមានប្រសិទ្ធិភាព ចំពោះបញ្ហាប្រឈមនានា នៅពេលអនាគត។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ការស្តារឡើង វិញរបស់ប្រទេសកម្ពុជា»៕
































