ព្យុះផ្គររន្ទះបោកបក់លើ រដ្ឋធានីកង់បេរ៉ា នៃប្រទេសអូស្ត្រាលី បណ្តាលអោយប្រជាជនរាប់ម៉ឺននាក់​គ្មានអគ្គិសនីប្រើប្រាស់

 (កង់បេរ៉ា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា ប្រជាជនអូស្ត្រាលីជាង ១៦,០០០នាក់ ដែលរស់នៅ ក្នុងរដ្ឋធានី កង់បេរ៉ា (Canberra) បានជួបប្រទះការដាច់ចរន្តអគ្គិសនី ក្រោយព្យុះផ្គររន្ទះដ៏អាក្រក់ មួយ បានបោកសង្គ្រប់លើទីក្រុង ស្ថិតនៅភាគអាគ្នេយ៍ប្រទេសមួយនេះ កាលពីវេលាយប់ថ្ងៃចន្ទ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនរហូតដល់ទៅជាង ៤០០នាក់ រស់នៅទីក្រុងកង់បេរ៉ា បានទូរស័ព្ទ ស្នើសុំការសង្គ្រោះបន្ទាប់ពីអាជ្ញាធរ ហើយជាងពាក់កណ្តាលនៃពួកគេ គឺមិនទាន់ទទួលបានការ ជួយសង្គ្រោះឡើយ។ តំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងរដ្ឋធានីកង់់បេរ៉ា គឺ ប៊ែលខុន ណិន (Belconnen) និង ហ្គាន់ហ្គាលីន (Gungahlin) ដោយនៅទីនោះគេបានឃើញ ដើមឈើ ជាច្រើនត្រូវដួលរលំ, លំនៅឋានរងភាពខ្ទេចខ្ទាំ និងរថយន្តនានារងការបំផ្លិចបំផ្លាញ។

បើតាមទីភ្នាក់សង្គ្រោះបន្ទាន់នៃរដ្ឋធានីរបស់អូស្ត្រាលី (ESA) ការជួយសង្គ្រោះត្រូវបានចាប់ផ្តើម ឡើងភ្លាមៗ ក្រោយព្យុះផ្គររន្ទះខាងលើនេះ បោកបក់ទៅផុតពីទីក្រុងកង់បេរ៉ា។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាជន មានការអត់ធ្មត់ និងព្យាយាមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ អំ លុងការចុះទៅជួយសង្គ្រោះទាំងយប់នោះ។ ដោយឡែកសម្រាប់តំបន់ ឆានវូដ (Charnwood) វិញ ក៏ត្រូវបានគេរាយការណ៍ថា មានគ្រោះទឹកជំនន់កើតមានឡើងផងដែរ៕