(តេហេរ៉ង់)៖ បណ្តាញព័ត៌មាន Press TV របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអង្គារ សប្តាហ៍នេះដោយដកស្រង់ទិន្នន័យចុងក្រោយនៃគេហទំព័រអន្តរជាតិអនឡាញតាមដានឧប្បត្តិហេតុបាញ់ប្រហារបានឲ្យដឹងថា ជនជាតិអាមេរិកប្រហែល៤០០នាក់ត្រូវបានសម្លាប់ និង២៨២នាក់ ផ្សេងទៀត បានរងរបួសនៅក្នុងអំពើហិង្សាដោយកាំភ្លើង ក្នុងរយៈពេល៤ថ្ងៃដំបូង នៃឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់ទិន្នន័យដែលផ្តល់ដោយគេហទំព័រ Gun Violence Archive ដោយលើកឡើងថា ចំនួនអ្នកស្លាប់ទាំងនោះកើតឡើងដោយសារការបាញ់ប្រហារធំៗចំនួនប្រាំបួន អំពើឃាតកម្ម និងការធ្វើអត្តឃាតចាប់តាំងពីដើមឆ្នាំ២០២២។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានឃើញកំណត់ត្រាខ្ពស់នៃការបាញ់ប្រហារដ៏ធំចំនួន៦៩១ដងកាលពីឆ្នាំ២០២១ ដោយលមានជនរងគ្រោះយ៉ាងតិចបួននាក់បានស្លាប់ ក្នុងឧប្បត្តិហេតុមួយ ខណៈ ដែលអំពើហិង្សាដោយកាំភ្លើងនៅតែបន្តកើនឡើងនៅក្នុងប្រទេស៕
































