រុស្ស៉ី និងអ៊ុយក្រែនយល់ព្រមបន្តរក្សាបទឈប់បាញ់ (ឆ្នាំ២០១៤), កិច្ចពិភាក្សាជុំថ្មី នឹងកើតឡើងនៅខែកុម្ភៈ


 (ប៉ារីស)៖ យោង តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខៃមករា ឆ្នាំ២០២២ អោយដឹងថា ក្រោយកិច្ចប្រជុំអស់រយៈពេល ៨ម៉ោងរវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ភាគីទាំងពីរបានយល់ព្រម ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តឃ្លាំមើលបទឈប់បាញ់មួយ នៅភាគខាងកើតអ៊ុយក្រែន រហូត ដល់កិច្ចប្រជុំជាថ្មីទៀត កើតឡើងនៅខែកុម្ភៈ ខាងមុខ។

ប្រទេសបារាំងដែលជាម្ចាស់ផ្ទះ បានចាត់ទុកការបោះជំហានខាងលើនេះថា ជា «សញ្ញាវិជ្ជមាន» ខណៈការបន្តបង្កើនចំនួនកងទ័ពដល់រាប់សែននាក់ និងសព្វាវុធធុនធ្ងន់ជាច្រើនទៀត នៅលើទឹកដី រុស្ស៊ីក្បែរព្រំដែនអ៊ុយក្រែននោះ បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច ព្រមានស្ទើរជារៀងរាល់ថ្ងៃ អំពីការត្រៀមវាយប្រហារដោយរុស្ស៊ី លើអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ជំនួយការម្នាក់របស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលសុំមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាដែលត្រូវបាន​រៀបចំឡើង នៅទីក្រុងប៉ារីស នៅថ្ងៃពុធនេះ (ម៉ោងនៅប៉ារីស) គឺស្ថិតក្នុងគោលដៅដោះស្រាយបញ្ហា នៃក្រុមឧទ្ទាមផ្តាច់ទឹកដី នៅភាគខាងកើតអ៊ុយក្រែន ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ ២០១៤ មកប៉ុណ្ណោះ មិនមែនទៅលើស្ថានការណ៍ក្តៅគគុកបច្ចុប្បន្ន នៃការភ័យខ្លាចរុស្ស៊ី ឈ្លានពានអ៊ុយ ក្រែននោះឡើយ។ ប៉ុន្តែមន្ត្រីបារាំងខាងលើនេះ បានសង្កត់ធ្ងន់ថា វាក៏អាស្រ័យទៅលើរុស្ស៊ីដែរថា ចង់ផ្តល់សញ្ញាវិជ្ជមាន ឬក៏អត់នោះ ហើយក្រោយកិច្ចពិភាក្សាដ៏លំបាក អស់រយៈពេល ៨ម៉ោង នៅ ទីបំផុតលទ្ធផលបានចេញមកជាលក្ខណៈ «វិជ្ជមាន»៕