មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច លើកឡើងថា អំពើជួញដូរមនុស្សកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង


 (ព្រះសីហនុ)៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាបានឱ្យដឹងថាអំពើជួញដូរមនុស្សបាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិ ពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភព លោក។ ការឱ្យដឹងបែបនេះ របស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «នីតិវិធីនៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ប៉ែន រ៉ិចស៊ី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលរងខេត្តព្រះសីហនុ និងលោក ផូនី ផុសណេត ប្រធានអង្គការរតនៈអ៉ីធើណេសិនណល។

តាងនាម ឯកឧត្តម រដ្ឋមន្ត្រី វង សូត, ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីការងារសមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជាហើយដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋ កិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង ទាំងខាងសម្ភារៈ និងស្មារតី តាម រយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារជូនប្រជាជន ការធានាសមធម៌សង្គម និការងពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការផ្តោតនៃយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី៤ បានតម្កល់ ការអិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ នៅលើគេ រួមមាន ការពង្រឹងសមភាពយេនឌ័រ និងការគាំ ពារសង្គម។ ដំណើរការសម្របសម្រួលជាប់លាប់ និងយ៉ាងល្អ ដើម្បីផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស គឺជាផ្នែកមួយនៃយន្តការគាំពារសង្គមដែលប្រសើរឡើង។ ដោយយោងតាមពិធីសារ ប៉ាឡឺម៉ូ (Palermo បានបញ្ជាក់ថា សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុង ការទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ទាមទារឱ្យមានវិធី សាស្រ្តអន្តរជាតិដ៏ទូលំទូលាយមួយនៅក្នុងប្រទេសដើម ប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ។ វិធីសាស្រ្តនេះចាំបាច់ត្រូវរួមបញ្ចូលវិធានការទប់ស្កាត់ការជួញដូរមនុស្សបែបនេះ ដោយការផ្តន្ទា ទោសជនប្រព្រឹត្តបទល្មើស។

ជាមួយគ្នានេះដែរ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់ ការស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស វាជាការសំខាន់ណាស់ដែលជន រងគ្រោះទាំងនេះត្រូវបានកំណត់អត្តសញ្ញាណប្រកបដោយប្រសិទ្ធភាព និងផ្តល់ការគាំទ្រដោយមិន បង្អង់យូរ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះច្បាស់លាស់ អាចឱ្យមន្ត្រីរដ្ឋាភិបាលយល់អំពីស្ថាន ភាព និងតម្រូវការរបស់ជនរងគ្រោះ ដើម្បីបង្កើត និងអនុវត្តការឆ្លើយតបសមស្រប។ តាមរយៈការសម្របសម្រួលពីមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រមូលព័ត៌មានលម្អិតច្បាស់លាស់ ការកំណត់អត្តសញ្ញាណជនរងគ្រោះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សផងដែរ។ ប្រសិនបើការកំណត់អត្តសញ្ញាណជនរងគ្រោះមិនអាចធ្វើបាន ឬមិនអាចអនុវត្តបានត្រឹមត្រូវ ជនរងគ្រោះនឹងរងនូវការឈឺចាប់បន្ថែមទៀត ដោយសារតែគាត់នឹងមិនទទួលបានការគាំទ្រគ្រប់ គ្រាន់ ឬសន្តិសុខផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនេះ ឱកាសនៃការចាប់ខ្លួនជនល្មើសអាចនឹងត្រូវ បាត់បង់ ដែលជាហេតុធ្វើឱ្យជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើមនុស្សផ្សេងទៀត។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ឧបត្ថម្ភរាល់សេចក្តីត្រូវការចាំបាច់ របស់ជន​រងគ្រោះដោយអំពើជួញដូរមនុស្ស ក្រសួងបានរៀបចំតាក់តែងច្បាប់ គោលនយោបាយ បទដ្ឋាន គតិយុត្ត ដើម្បីការពារ ទប់ស្កាត់ នូវអំពើជួញដូរមនុស្ស។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចការពារ សិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ទាមទារឱ្យ មានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរ ជាតិពាក់ព័ន្ធ រួមគ្នាដើម្បីរៀបចំនីតិវិធីនៃដំណើរការមាតុភូមិនិវត្តន៍ ក្នុងគោលបំណងសម្របសម្រួល និងផ្ដល់ព័ត៌មានលម្អិតនៃការបញ្ជូនជនរងគ្រោះ និងជនសង្ស័យថារងគ្រោះដោយអំពើជួញដូរ មនុស្សត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីទទួលបានសេវាចាំបាច់សមស្របទៅតាមតម្រូវ ការជាក់ស្ដែង និងទាន់ពេលវេលាដោយផ្អែកលើវ័យ យេនឌ័រ មុននឹងឈានទៅទទួលបានការដោះ ស្រាយតាមផ្លូវច្បាប់ ការផ្ដល់សេវាស្ដារនីតិសម្បទា និងសេវាសង្គមដទៃទៀត។

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្ត គោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្ម លើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

លោកបានគូសបញ្ជាក់ថា ដោយឡែក ក្រសួងសង្គមកិច្ច ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និង សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារ កសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ៕