(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ផ្តល់ថវិកា ១០លានដុល្លារ ដើម្បី អភិវឌ្ឍសហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយ សន្តិភាព និងវិបុលភាព។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ច ពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើគម្រោង «ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ»។
កំណត់ហេតុនៃកិច្ចពិភាក្សាត្រូវបានចុះហត្ថលេខាដោយ លោក រ៊្សូ ហ៊ាន់ជុន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកា ប្រចាំកម្ពុជា និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលក្រសួង។

គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ ធ្លាប់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកក្រោយសង្គ្រាម។ គម្រោងនេះ មានគោល បំណងអភិវឌ្ឍតំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍ សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។
ក្រោមជំនួយឥតសំណងចំនួន ១០លានដុល្លារពីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា គម្រោងនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេល ៦០ខែ (២០២២-២០២៦) ក្នុងគោលបំណងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ (ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ។ធាតុផ្សំសំខាន់ៗនៃគម្រោងរួម មាន៖ ១) ការកែលម្អជីវភាពរស់នៅជនបទ, ២) ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយ និរន្តរភាព និង៣) ការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងថា គម្រោងនេះ គឺជាការគាំទ្រដ៏សំខាន់មួយ ដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះ។ បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះ ស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ជាលទ្ធផលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ភាគច្រើនត្រូវបានដោះនិងបំផ្លាញចោល។
ទោះជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះ នៅតែត្រូវការជំនួយ ខណៈដែលពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើ ប្រាស់ដីប្រកបដោយប្រសិទ្ធិភាព។

លោក រ៊្សូ ហ៊ាន់ជុន ប្រធានតំណាងទីភ្នាក់ងារកយការប្រចាំកម្ពុជា បានលើកឡើងថា «វិស័យ អភិវឌ្ឍន៍ជនបទគឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូរចាំប្រទេសរបស់ទីភ្នាក់ងារកយការ។ ទីភ្នាក់ងារកយកា ប្តេជ្ញាគាំទ្រលើវិស័យនេះ។ ទីភ្នាក់ងារកយកាមានសេចក្តីសោមនស្សរីករាយក្នុងការអនុវត្តគម្រោងដ៏មានអត្ថន័យនេះក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា»។
ប្រធានតំណាងទីភ្នាក់ងារកយការប្រចាំកម្ពុជា បានបន្ថែមថា ក្រៅពីគម្រោងនេះ ទីភ្នាក់ងារកយកា ក៏បានផ្តល់ថវិការចំនួន ១០លានដុល្លារកាលពីឆ្នាំ២០២១ ដល់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិ (UNDP) សម្រាប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ភាគ ពាយ័ព្យនៃប្រទេសកម្ពុជា។ ដូច្នេះហើយជាមួយគម្រោងថ្មីនេះ តំបន់ធ្លាប់មានសង្គ្រាមធ្ងន់ធ្ងរ នឹង ក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព៕

































