(កៀវ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ ២០២២ បញ្ជាក់ថា ក្នុងការថ្លែងសារប្រចាំថ្ងៃទៅកាន់ប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងវាយរំដោះយកមកវិញនូវ ទីក្រុងតូច-ធំ និង តំបន់ទាំងអស់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រា របស់កងកម្លាំងរុស្ស៉ី។
លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងទៅដល់ទីក្រុង ឃើសុន (Kherson) ហើយប្រជាជនរស់នៅទីនោះ នឹងជួបជាមួយកងទ័ពយើងនៅលើដងផ្លូវនៃទីក្រុង។ យើងនឹងទៅដល់ទីក្រុង ម៉េលីតូប៉ូល (Melitopol) ហើយយើងនឹងប្រគល់ឱកាស នៃការរស់រានមាន ជីវិតដោយគ្មានភាពភ័យខ្លាច ដល់ប្រជាជនយើងនៅទីនោះវិញ»។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តទៀតថា «យើងនឹងទៅដល់ទីក្រុង ម៉ារីយូប៉ូល (Mariupol) ហើយយើងនឹងរំដោះទីក្រុងនេះ ជាលើកទី៣»។ លោក ហ្សេលេនស្គី បានបកស្រាយថា ទីក្រុង ម៉ារីយូប៉ូល ត្រូវបានវាយរំដោះជាលើកដំបូង ចេញពីកណ្តាប់ដៃរបស់ណាហ្ស៉ីអាល្លឺម៉ង់ កាលពី ឆ្នាំ១៩៤៣ ខណៈលើកទី២ គឺកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ចេញពីក្រុមផ្តាច់ខ្លួន ដែលគាំ ទ្រដោយរុស្ស៉ី។
លោក ហ្សេលេនស្គី ក៏បានបន្ថែមជាចុងក្រោយថា «យើងនឹងទៅដល់ទីក្រុង អេណឺហូដា (Enerhodar) ហើយខ្ញុំចង់បញ្ជាប់ប្រាប់ទៅកាន់ ប្រជាជនរាល់គ្នានៅទីនោះ ដែលបានតស៊ូប្រឆាំង នឹងយោធារុស្ស៉ី, មិនព្រមសហការជាមួយពួកដែលត្រួតត្រាយើង និងកំពុងរង់ចាំពួកយើង នៅថ្ងៃនេះថា យើងមិនដែលភ្លេចទីក្រុង Enerdohar របស់ពួកយើង ១ថ្ងៃណាឡើយ»។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់លោក ហ្សេលេនស្គី ផ្ទាល់ កាលពីដើមខែមិថុនានេះ គឺ ទឹកដីប្រមាណជា២០ភាគរយ របស់អ៊ុយក្រែន ដែលនៅភាគខាងត្បូង និងភាគខាងកើតប្រទេស គឺស្ថិតក្រោមការកាប់កាន់របស់កងទ័ពរុស្ស៉ី៕
































