នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងទៅចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង មាឌ្រីដ


 (ស៊ីដនី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅថ្ងៃសុក្រនេះបាននិយាយថាលោកនឹងទៅចូលរួម កិច្ចប្រជុំដ៏សំខាន់មួយរបស់បក្ស សម្ព័ន្ធយោធា NATO ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ ខណៈសហរដ្ឋ អាមេរិកកំពុងព្យាយាម ពង្រឹងទំនាក់ទំនង និងប្រមូលកម្លាំងសម្ព័ន្ធមិត្តដើម្បីឆ្លើយតបទៅនឹងសង្រ្គាម របស់រុស្ស៉ី នៅអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អាន់ថូនី អាល់បានីស បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងទៅ ចូលរួមកិច្ចប្រជុំ NATO ជាអាទិភាព…ដើម្បីបង្ហាញ ការគាំទ្រដល់ប្រជាជនអ៊ុយក្រែន ប្រឆាំងនឹង​ការឈ្លានពានរបស់រុស្ស៉ី»

គួរបញ្ជាក់ថា អូស្ត្រាលីដែលមិនមែនជាសមាជិក NATO ក៏បានផ្ដល់ការគាំទ្រដល់អ៊ុយក្រែនផងដែរ ក្នុងនោះរួមមានទាំងការបញ្ជូនជំនួយមនុស្សធម៌ និងបរិក្ខារយោធាមួយចំនួន ព្រមទាំងចូលរួម​ដាក់ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។ កិច្ចប្រជុំ NATO ក្នុងទីក្រុងម៉ាឌ្រីដ នឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនានេះ៕