(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់អំពីស្ថានភាពទេសចរអន្តរ ជាតិចូលមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២២ (មករា-មិថុនា) ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរ ជាតិចូលមកកម្ពុជាជាងកន្លះលាននាក់ ឬជាង៥០ម៉ឺននាក់ រីឯការដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោកក៏ មានការកើនឡើងខ្ពស់ដែរ។
ឯកឧត្តម បានឱ្យដឹងថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន សរុប៥០៦,៧៦២នាក់ កើនឡើង ៣៩៤.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៨៤.៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩»។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ក្នុងមួយថ្ងៃមានទេសចរអន្តរជាតិចូលមកប្រមាណ៥,០០០ទៅ ៥,៦០០នាក់។ ប្រភពទីផ្សារសំខាន់ៗនៃអ្នកទេសចរអន្តរជាតិដែលចូលមកកម្ពុជា មានមកពី ប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្ដាលីជាដើម។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ចលនារបស់ភ្ញៀវអន្តរជាតិចូលតាម៖
* ផ្លូវអាកាសមានចំនួន៤៤០,៦៣៧នាក់ កើនឡើង ៤២០.៣% ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១ និងថយចុះ -៨៩.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារ មានមកពី ប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េ ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។
* ផ្លូវគោកមានចំនួន២៦១,៥១៥នាក់ កើនឡើង ៣៥៤.៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៧០.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
* ផ្លូវទឹកមានចំនួន៤,៦១០នាក់។

ចំពោះស្ថានភាពជើងហោះហើរ បច្ចុប្បន្នមានជើងហោះហើរចូលសរុប៣,៣១៧ជើង មានក្រុមហ៊ុន អាកាសចរណ៍ចំនួន២៧ក្រុមហ៊ុនក្នុងនោះមាន១០ក្រុមហ៊ុនកំពុងហោះហើរទៀងទាត់ជារៀងរាល់ថ្ងៃ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) មានជើងហោះហើរ២,៨៦៤ជើង អាកាសយានដ្ឋាន អន្តរជាតិសៀមរាប (REP) មានជើងហោះហើរ២៦៥ជើង រីឯអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មានជើងហោះហើរ១៩៨ជើង។

ដោយឡែក ក្នុងខែមិថុនា ឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនសរុប១៦៣,២៩៨ នាក់ កើនឡើង ១៣៨៩.៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៦៣.៧% ធៀប រយៈពេលដូចគ្នានៅឆ្នាំ២០១៩ ក្នុងនោះចូលតាមផ្លូវអាកាសមានចំនួន៥៨,១២៥នាក់ កើនឡើង ១២៤០% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៨២.៦% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៩ ចូលតាមផ្លូវគោកមានចំនួន១០៤,៤០២នាក់ កើឡើង ១៤៧៥.៦% ធៀបរយៈពេលដូច គ្នានៅឆ្នាំ២០២១ និងថយចុះ -៦.៦% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងចូលតាមផ្លូវទឹកមាន ចំនួន៧៧១នាក់៕

































