(សេអ៊ូល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែ កក្កដា ឆ្នាំ២០២២ ប្រាប់ថាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុង ព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។
នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់ យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ បើតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង, លោក យូន បាននិយាយថា «សមត្ថភាពយោរបស់ ប្រទេសគួរតែត្រៀមទុកជាមុន ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ខណៈភាពមិនប្រាក ដប្រជាផ្នែកសន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៉ីប៉ែកឦសានដែលកំពុងកើនឡើងជាងពេលណាៗ ទាំងអស់»។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋ មន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ខាងក្រៅកិច្ចប្រជុំកំពូល NATO នៅឯទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន លោក យូន បានយល់ព្រមជាមួយមេដឹកនាំទាំងពីរ ក្នុងស្វែងរកមធ្យោបាយ បន្ថែមដើម្បីពង្រឹងសមត្ថភាពកំញើញ ប្រឆាំងកូរ៉េខាងជើង៕
































