រដ្ឋមន្ត្រីពាណិជ្ជកម្ម និងប្រធានវិទ្យាស្ថាន ERIA ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម


 (ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ ជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធាន វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងសហការី (ERIA) ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

មុននឹងចាប់ផ្តើមពិភាក្សាការងារ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បំផុតជូនចំពោះគ្រួសារលោក ស៊ីនហ្សូ អាបេ ប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ចំពោះមរណភាព របស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលលោកបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍ ន៍ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកសាស្រ្តាចារ្យ និងសហការី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានិងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ជាពិសេសការគាំទ្រឥតឈប់ឈររបស់វិទ្យាស្ថាន ERIA ក្នុងការអភិវឌ្ឍធនធានមនុស្ស និងវិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល កម្ពុជាពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ បើទោះបីជាមាន បញ្ហាប្រឈមបណ្តាលមកពីជំងឺរាតត្បាត COVID-19 ក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូវិទ្យាស្ថាន ERIA អំពី វឌ្ឍនភាពនៃការអនុវត្តសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ និងបានថ្លែងអំណរគុណដល់វិទ្យាស្ថាន ERIA ដែលបានផ្តល់ការសហការគាំទ្រកន្លងមក។ ជាពិសេសការរៀបចំសៀវភៅស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖ ផលប៉ះពាល់ បញ្ហាប្រឈម និងការរីកចម្រើននាពេលអនាគតនៃអាស៊ីបូព៌ានិងអាស៊ាន» ជាមួយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI ) នៃក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការប្តេជ្ញាចិត្តសហការជិតស្និទ្ធជាមួយវិទ្យាស្ថាន ERIA និងសង្ឃឹមយ៉ាងមុតមាំថាវិទ្យាស្ថាន ERIA នឹងបន្តដើរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការជួយដល់ រដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដើម្បីធានាឱ្យមានការ ចូលរួមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៅក្នុងក្របខ័ណ្ឌអាស៊ាន។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA បានសម្តែងគាវរកិច្ចនិងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលមានសមានចិត្តរំលែកទុក្ខជាមួយ គ្រួសារ ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះការបាត់បង់លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាស្ថាបនិកមួយរបស់វិទ្យាស្ថាន ERIA។

លោកសាស្រ្តាចារ្យ ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថាន ERIA និង ការចូលរួមចំណែករបស់វិទ្យាស្ថានក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ក៏ដូចជាឆ្នាំ ២០២២នេះ។ ក្នុងនោះវិទ្យាស្ថាន ERIA បាននឹងកំពុងអនុវត្តគម្រោងចំនួន១៧ ក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីគាំទ្រដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២ ដូចជា ការសិក្សាស្តីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ ៣.០ ដែលផ្តោតសំខាន់លើសមាហរណកម្ម សេដ្ឋកិច្ច នវានុវត្តន៍ បរិយាប័ន្ន និងចីរភាពក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រពីលោករដ្ឋមន្ត្រីពាណិ ជ្ជកម្ម ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញការអនុវត្តគម្រោងទាំង អស់របស់វិទ្យាស្ថានឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។

ក្នុងជំនួបនេះភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តនូវ គំនិតផ្តួចផ្តើម និងគម្រោងនានាទាំងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់ ដើម្បីពង្រឹងទំនាក់ទំនង និង ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកានតែស៊ីជម្រៅបន្ថែមទៀត៕