យោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់


 (ណៃពិដោរ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយ ការណ៍ថា អាជ្ញាធរបានប្រហារជីវិត សកម្មជនប្រធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ ថាបានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលនេះបានក្លាយជាការកាត់ទោសប្រហារជីវិត ដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កាសែត Global New Light of Myanmar បានឱ្យដឹងទៀតថានៅក្នុងចំណោមអ្នកដែលត្រូវបាន ប្រហារជីវិតខាងលើ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរ លោក ក្យ៉ មីន យូ (Kyaw Min Yu) រួមទាំងអតីតសមាជិកសភា និងជាតារា hip-hop លោក ព្យូ ហ្សេយ៉ា ថវ (Phyo Zeya Thaw)។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាខាងលើដដែល សកម្មជន ទាំង៤នាក់ខាងលើ ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ៕