នាវាចម្បាំងជើងទឹកប៉ាគីស្ថាន ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ


 (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន ចំនួន១គ្រឿង ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន១គ្រឿងនេះ ក្រោយបានចូល ចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

នាវានេះមានបណ្តោយ ១៣៤.១ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ មានទម្ងន់ផ្ទុក ៤,០៤៦ តោន និងមាននាវិកសរុបចំនួន១៦៩នាក់ ដឹកនាំដោយ លោកវរនាវីឯក MUHAMMAD YARSIR TAHIR មេបញ្ជាការនាវា ក្នុងគោលបំណងដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ថ្ងៃ)។

សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅនេះ ក៏មាននាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុផងដែរ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

នាវានោះមានបណ្តោយ ៧៦.៨២ម៉ែត្រ ទទឹង៩.៥៥ម៉ែត្រ ជម្រៅទឹក៤.៥០ម៉ែត្រ មានទម្ងន់ផ្ទុក ៩៦២តោន និងមាននាវិកចំនួន៩២នាក់ ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរ:ភីនយ៉ូ មេ បញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងទ័ពជើងទឹកភូមិន្ទថៃ៕