កម្ពុជា-នីហ្សេរីយ៉ា បង្ហាញជំហររួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យ យោធា


 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សាយោ ធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួប សម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី EA EJODAME បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការ ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់កម្ពុជា ដែលក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។

លោកឧត្តមសេនីយ៍ត្រី EA EJODAME បានគូសបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈ ស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ធ្លាប់ទទួលរងនូវសង្រ្គាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានខិត ខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធន៍ពីការទទួលបាន សន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។

បើតាមលោកឧត្តមសេនីយ៍ត្រី EA EJODAME ភាពខ្លាំងរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា នីហ្សេ រីយ៉ា អាចសហការគ្នាបាន ដោយផ្អែកលើប្រទេសទាំងពីរមានវិទ្យាស្ថានកងទ័ព, មានសាកលវិទ្យា ល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ជាការផ្តល់ឱកាសដល់ការចែក រំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះការលើកឡើងរបស់លោក ឧត្តមសេនីយ៍ត្រី EA EJODAME ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយនាយឧត្តមសេនីយ៍ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិ ការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើ ការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលអាចឈានទៅដល់ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា៕