អភិបាលរងស្រុកស្នួល ខេត្តក្រចេះម្នាក់ ជួបហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯងស្លាប់


 (ក្រចេះ)៖ លោក នូ សុផល អភិបាលរងស្រុកស្នួល ខេត្តក្រចេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង០២៖៣០ទាបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា លោក នូ សុផល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2R-5300 ដោយបើកបរបរក្នុងល្បឿនលឿនដល់ចំណុចកើតហេតុខាងលើ រ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកតែម្ដង។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕