(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានសហការ ជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បើកសិក្ខាសាលាស្តីពី «សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ ប្រហែល៖ សំដៅកិច្ចការពារស្នាដៃកម្មសិទ្ធិបញ្ញា និងយន្តការដោះស្រាយវិវាទ»។
សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា ព្រះសង្ឃ អ្នកនិពន្ធ ធុរជន មេធាវី មន្ត្រីមកពីស្ថា ប័នរដ្ឋ ឯកជន អ្នកអនុវត្តច្បាប់ អាជ្ញាកណ្តាល និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀតយ៉ាងច្រើនកុះករ និងត្រូវបានបញ្ចប់ដោយជោគជ័យ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយបន្ថែមអំពីសន្ធិសញ្ញា និងអនុសញ្ញាពាក់ព័ន្ធកម្មសិទ្ធិបញ្ញាដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន ព្រមទាំងស្វែងយល់អំពី ការអនុវត្តសិទ្ធិ និងកិច្ចការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងយន្តការក្នុងការដោះ ស្រាយវិវាទនៅពេលមានការរំលោភបំពានសិទ្ធិនេះ ទៅកាន់ម្ចាស់ស្នាដៃ អ្នកនិពន្ធ អ្នកអនុវត្តក្នុងវិយ័ យកម្មសិទ្ធិបញ្ញា និស្សិត និងសាធារណជនទូទៅឱ្យបានកាន់តែទូលំទូលាយ។ សិក្ខាសាលានេះ ជាការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ជំរុញការយល់ដឹងឱ្យ កាន់តែទូលំទូលាយជូនដល់ ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្តនៅក្នុងកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា៖ «កិច្ចការផ្សព្វផ្សាយ និងពង្រឹង ការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យវប្បធម៌ស្របតាមគោលនយោបាយ ជាតិស្តីពីវិស័យវប្បធម៌ឆ្នាំ២០១៤ និងចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម ដែលជាកត្តាជួយជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញ វិនិយោគិនឱ្យចូលមក ប្រកបរបរក្នុងស្រុក ដោយអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិជាពិសេសអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានដែលកម្ពុជាបានចូលជាភាគី»។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ ប្រហែលក៏ដូចជាខ្លឹមសារនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃ អក្សរសាស្ត្រ និងសិល្បៈ ដែលកម្ពុជាទើបចូលជាភាគីកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ ក៏បានបញ្ជាក់យ៉ាង ច្បាស់ថា រាល់ស្នាដៃអក្សរសាស្ត្រ និងសិល្បៈទាំងអស់ដែលត្រូវបានបង្កើតឡើង គឺស្ថិតនៅក្រោម ច្បាប់ការពារដោយស្វ័យប្រវត្តិ ពោលគឺមិនត្រូវឱ្យម្ចាស់ស្នាដៃចុះបញ្ជីស្នើសុំកិច្ចការពារនោះទេ។
អនុសញ្ញាទីក្រុងប៊ែន គឺជាអនុសញ្ញាគោល ឬមូលដ្ឋានផ្នែកសិទ្ធិអ្នកនិពន្ធ ដែលមានវិធានអនុវត្ត នឹងគ្របដណ្តប់លើអនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WIPO (World Intellectual Property Organization) ដែលកម្ពុជានឹងទទួលបាននូវគុណ ប្រយោជន៍ដូចតទៅ៖ ទទួលបានកិត្តិយសខ្ពស់ស្មើមុខ ស្មើមាត់នឹងគេលើឆាកអន្តរជាតិ, ទទួលបាន ជំនួយបច្ចេកទេស អភិវឌ្ឍន៍ធនធានមនុស្ស ផលិតផលវប្បធម៌ និងបច្ចេកវិទ្យាទំនើប, ទាក់ទាញ ទេសចរណ៍ ការវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មឆ្នៃប្រឌិតផ្នែកវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា, ពង្រឹង កិច្ចសហប្រតិបត្តិការល្អលើវិស័យកម្មសិទ្ធបញ្ញាអន្តរជាតិ, នាំចេញនូវផលិតផលវប្បធម៌ចូលក្នុង ទីផ្សារអន្តរជាតិតាមរយៈកិច្ចការពារដោយអនុសញ្ញាទីក្រុងប៊ែន, បង្កើតឱ្យមានផលិតផលថ្មីៗ និងទីផ្សារការងារក្នុងស្រុក និងពង្រឹងគុណភាពនៃវិស័យអប់រំ។

ជាមួយគ្នានេះផងដែរ ក្នុងនាមជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន កម្ពុជាក៏បានស្នើសុំ ខរក្សាសិទ្ធិ ក្នុង កិច្ចការដោះស្រាយវិវាទដោយមិនត្រូវអោយមានការប្រើប្រាស់ប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ (ICJ) សម្រាប់ការដោះស្រាយវិវាទនៃការរំលោភបំពានស្នាដៃនោះទេ ពោលគឺដើម្បីរក្សា ការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាដែលស្ថិតនៅក្នុងដំណាក់កាលអត្តកាលនៃការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលក្នុងនាមប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។
សព្វថ្ងៃនេះ រាល់យន្តការដោះស្រាយវិវាទករណីរំលោភលើការប្រើប្រាស់ស្នាដៃ គឺត្រូវបានដោះ ស្រាយតាមវិធីសាស្ត្រ ២យ៉ាងសំខាន់ៗ គឺទី១៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺកិច្ច ការងារសម្របសម្រួលដែលមាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការបាននឹងកំពុងអនុវត្តនាពេលកន្លងមក, និងទី២៖ យន្តការដោះស្រាយនីតិវិធីតុលា ក្នុងករណីម្ចាស់ស្នាដៃ ឬក៏ដើមបណ្តឹងមិនអាចសម្របសម្រួល គ្នាបាន។
ជាក់ស្តែងសព្វថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាបនិកបង្កើតច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានធ្វើការដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហាវិវាទជាច្រើន រួមទាំងវិវាទក្នុងស្រុក និងក្រៅស្រុកប្រកបដោយភាពជោគជ័យ ក្រោមយន្តការនយោបាយឈ្នះឈ្នះ ដើម្បីកាត់បន្ថយការដោះស្រាយដោយប្រព័ន្ធតុលាការ ដើម្បីរក្សាបាននូវសុខដុមនីយកម្មវប្បធម៌ ក្រោមដំបូលសន្តិភាពតែមួយ។

ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានសុទិដ្ឋនិយមថា យន្ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះយន្តការនេះនឹង កាត់បន្ថយពីពាក្យថាសត្រូវមកជាមិត្ត ឬក៏អាចជាដៃគូសហការគ្នាទៅវិញ ក៏ព្រោះតែប្រសិនបើវិវាទ ត្រូវដោះស្រាយដល់តុលាការគឺ លទ្ធនឹងទទួលបាន១ ចាញ់ ១ឈ្នះ ហើយអ្នកទាំងនោះនឹងអាច ក្លាយទៅ ជា សត្រូវនឹងគ្នាដោយមិនអាចរាប់រកគ្នាបានទេ។ ហេតុដូច្នេះហើយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែព្យាយាមសម្របសម្រួល និងបញ្ចប់បញ្ហាវិវាទតាមរយៈការផ្សះផ្សាររវាង ភាគីពាក់ព័ន្ធទាំងអស់៕

































