(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បាន ចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយតម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា តាមរយៈការចុះត្រួត ពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត នៅក្នុងបរិវេណបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ខ្លួនបានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅ ដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់ឧប ករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូល ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ ថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា៨៤ នៃច្បាប់ ស្តីពីទូរគមនាគមន៍ បានចែងថា «ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនា សម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ ជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»។
ស្របជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទ ចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បី ពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ។
ក្រសួងសូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការ ដើម្បីធ្វើឱ្យគុណភាព សេវាទូរសព្ទចល័តមានភាពប្រសើរឡើង៕

































