(សេអ៊ូល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា កូរ៉េខាងជើង បានរៀបចំព្រឹត្តិការណ៍សាធារណៈដ៏ធំមួយ ដោយ គ្មានការពាក់ម៉ាសជាលើកដំបូង ចាប់តាំងពីបានប្រកាសភាពអាសន្ននៃ ជំងឺកូវីដ១៩ កាលពីឧសភា កន្លងទៅ ដើម្បីរំឮកដល់អតីតយុទ្ធជនសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ខណៈប្រទេសមួយនេះ ប្រកាសថានឹងជិតឈាន ដល់ការដោះស្រាយបញ្ចប់វិបត្តិកូវីដ ១៩។

ពិធីរំឮកខួបលើកទី៦៩ ដល់អតីតយុទ្ធជនសម័យសង្រ្គាមកូរ៉េ បានរៀបចំឡើងក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ រូបភាពដែលចេញ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធនេះ បានបង្ហាញឲ្យឃើញពីអ្នកចូលរួមរាប់ពាន់នាក់ ដោយមិនពាក់ម៉ាស រួមទាំងមានមន្រ្តីជាន់ខ្ពស់ នៃគណបក្សពលករកំពុងកាន់អំណាច និងអតីតយុទ្ធជនចាស់ជរាផងដែរ។ តែលោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ហើយដែល ពិធីនេះតែងតែត្រូវបានរៀបចំជាប្រចាំឆ្នាំនៅ ថ្ងៃទី២៧ ខែកក្កដា។
កូរ៉េខាងជើងដែលត្រូវបានគេហៅថា ជាប្រទេសឯកោមួយនេះ បានប្រកាសកាលពីដើមខែកក្កដាថា ខ្លួនកំពុងស្ថិតនៅលើផ្លូវនៃការឈានទៅ រកការបញ្ចប់វិបត្តិកូវីដ១៩៕































