រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០


 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម និងសហការី បានចូលរួម កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យ ប្រៃសណីយ៍ ២០២២-២០៣០ ដែលបានរៀបចំឡើងតាម ប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប មកពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី បានធ្វើបទបង្ហាញអំពីសាវតានិងសេចក្តីសង្ខេបស្តីពីសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ជូនអង្គប្រជុំទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តម រដ្ឋមន្ត្រី និងមន្ត្រីរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានរៀបចំ «សេចក្តីព្រាងគោល នយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ ២០២២-២០៣០» នេះឡើង ប្រកបដោយអត្ថប្រយោជន៍ និងមានលក្ខណៈចាំបាច់សម្រាប់ប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដោយគោលនយោ បាយនេះ បានគ្របដណ្តប់ លើបញ្ហាចំពោះមុខ ព្រមទាំងមានការរៀបចំយុទ្ធសាស្ត្រ ផែនការ សកម្មភាព យន្តការ និងអមដោយសូចនាករសំខាន់ៗ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេចក្តីព្រាងគោលនយោបាយនេះឲ្យ កាន់តែច្បាស់លាស់បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឲ្យអង្គប្រជុំពិនិត្យ និងពិចារណា លើ ចំណុច មួយចំនួន ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើ ប្រាស់ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ចំណុចទាំងនោះ រួមមាន៖ ការស្នើឲ្យដាក់ចូលនូវពាក្យពេចន៍ យន្តការ និងការដោះស្រាយវិវាទ ការពារអ្នកប្រើប្រាស់ ឲ្យស្របទៅតាមប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័ន ដែលបានបង្កើតរួចហើយ ក្នុងចំណុច៦.២ និងឧបសម្ព័ន្ធ១ នៃ សេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍។

បន្ថែមពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យមានការបរិយាយលម្អិត នូវផែនការសកម្ម ភាពនៅក្នុងចំណុចទី៤ ទី៤.៣ ទី៤.៤ និងទី៤.៥ ដើម្បីងាយស្រួលក្នុងការយកផែនការនេះទៅ អនុវត្ត ដើម្បីឆ្លើយតបទៅនឹងផែនការដែលត្រូវជំរុញឲ្យក្រុមហ៊ុនអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាថ្មី និងប្រព័ន្ធឌីជីថលដែលឯករាជ្យ (Neutral Technology) ឲ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្ត បាន សម្រាប់កិច្ចការតាមដានមធ្យោបាយដឹកជញ្ជូន និងស្ថានភាពជាក់ស្ដែងនៃទំនិញ ការគ្រប់គ្រង វិក័យប័ត្រ និងលិខិតប្រកាសពន្ធគយក្នុងទម្រង់ជាអេឡិចត្រូនិក ព្រមទាំងប្រព័ន្ធទំនាក់ទំនងរវាង ម្ចាស់ អាជីវកម្មជាមួយអតិថិជន ទាំងសម្រាប់ការបញ្ជូនទំនិញក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា ទាក់ទងនឹងការកសាងលិខិតបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ស្នើឲ្យគិតគូរផងដែរ នូវករណីលើកលែង ដែលអនុញ្ញាតដោយច្បាប់ និងកិច្ច ព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងការទទួលខុសត្រូវរបស់ម្ចាស់ អាជីវកម្មក្នុងការបញ្ជូនទំនិញដែល ទាក់ទងនឹងស្ដង់ដារទំនិញ បទដ្ឋានពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម សិទ្ធិស្របច្បាប់នៃពលរដ្ឋ ដែលជាអតិថិជន (Lawful right and prudential rights of our people) និង ផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ។

នៅកិច្ចបញ្ចប់ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើចំណុចនីមួយៗ នៃសេច ក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្រោមការដឹកនាំ និង សម្របសម្រួលដោយ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំរួចមក ឯកឧត្តម ប្រធានអង្គប្រជុំ បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃអង្គ ប្រជុំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងពិភាក្សា សំដៅឲ្យសេចក្តីព្រាងគោល នយោបាយដ៏មានសារសំខាន់នេះ កាន់តែមានសុក្រិតភាព និងល្អប្រសើរ ជាពិសេសក្រុមការងារ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២ ២០៣០ ដែលជាឯកសារគតិយុទ្ធដ៏មាន សក្តានុពលមួយ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ នាពេលអនាគត៕