៦ខែដើមឆ្នាំ២០២២ ទំហំការនាំចេញ-ចូលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេច បានជិត១,៤០០លានដុល្លារ បង្កើតការងារជិត៣ម៉ឺនកន្លែង


 (ភ្នំពេញ)៖ សម្រាប់ខែមករាដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១,៣៧៤លានដុល្លារអាមេរិក បានកើនឡើង៣៨.២៣% បើប្រៀបធៀបនឹងឆ្នាំមុន ហើយបានបង្កើតឱកាសការងារជិត៣០,០០០ កន្លែង។ នេះបើតាមលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ។

លោក ឈិន ចៀនកាង បញ្ជាក់បែបនេះក្នុងឱកាសជួបជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា ខិតខំរក្សាការវិនិយោគ និងពង្រីកអាជីវកម្ម គឺរក្សាបាន នូវភាពរឹងមាំនៃការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់និងផ្លូវបានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្មនិងសេវាកម្ម។គម្រោងផ្លូវល្បឿនលឿនក៏ជាស្នូលនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ ទាញវិនិយោគសម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិត កង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូត ដល់ជាង៣០០លានដុល្លារ។ លោកប្រធានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុន មានរៀបចំពិព័រណ៍ផ្លូវសូត្រពាណិជ្ជកម្មដោយក្នុងនោះប្រទេសចិននឹងទទួលយកកសិផលមួយចំនួនរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរការងារនិងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេស សម្រាប់បងប្អូនកម្មការិនីមានផ្ទៃពោះព្រមទាំងបានសាងសង់អគារស្នាក់នៅបង្កលក្ខណៈងាយស្រួលជូនដល់កម្មករនិយោជិតដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។

ជាការឆ្លើតប ឯកឧត្តម អ៊ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាន់តែងាយ ស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាង ឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តម រដ្ឋ មន្ត្រីបានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យា ល័យរបស់ចិន ដើម្បីបណ្តុះបណ្តាលនិងជ្រើសរើសសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុនផងដែរ៕