រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសុខាភិបាលស្រុក ក្រូចឆ្មារ


 (ត្បូងឃ្មុំ)៖ ឯកឧត្តម សាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ មន្ត្រីសុខាភិបាលទាំងអស់ សូមបម្រើសេវាព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយ ទៅជាគ្រូពេទ្យ គំរូ និង ក្លាយទៅជាអ្នកបន្តវេនក្នុងវិស័យសុខាភិបាល។

មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជា មួយមន្ត្រីរាជការសុខាភិបាលស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរពេទ្យ បង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការសុខាភិបាល ជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តម សាស្រ្តចារ្យ ម៉ម ប៊ុនហេង លើកឡើងថា រាជរដ្ឋាភិបាលបានវិនិយោគ យ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមានជាអាទិ៍ ការសាងសង់ថ្មី ពង្រីកនិងជួលជុលប៉ុស្ដិ៍ សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការផ្គត់ផ្គង់ឱសថបរិក្ខារ និងឧបករណ៍ពេទ្យ បណ្ដាញទំនាក់ទំនងព័ត៌មានវិទ្យា ទូរគមនាគមន៍ និងបច្ចេកវិទ្យា មធ្យោបាយដឹកជញ្ជូន និងរថយន្ត គិលានសង្គ្រោះ បណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍសមត្ថភាពជំនាញ និងពង្រឹងសមត្ថភាព សេវាគាំទ្រជាសារវ័ន្ត ដូចជាសេវាមន្ទីរពិសោធន៍ សេវាផ្ដល់ឈាម។ល។ ប្រការនេះ មិនត្រឹមតែ ជួយលើកកម្ពស់ស្ថានភាព សុខភាព ប្រជាពលរដ្ឋក្រីក្រឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងបានការពារប្រជាពលរដ្ឋទាំងនោះ កុំឲ្យធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រដោយសារការចំណាយលើ ការថែទាំសុខភាពផងដែរ។

ទន្ទឹមនឹងការកើតមានហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ដែលបានបំពាក់សម្ភារៈបច្ចេកទេសទំនើបៗ ក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មារ នាឱកាសនោះលោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានផ្ដាំផ្ញើដល់គ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ សូមប្រកាន់យកនិងប្រតិបត្តិក្រមសីលធម៌ និងអភិវឌ្ឍន៍ចំណេះដឹងជាប្រចាំទើបផ្ដល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពបាន។

បើតាមការណ៍របស់លោកស្រី អ៊ូ អង្គារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ គ្របដណ្ដប់ដោយស្រុករដ្ឋបាល១ គឺស្រុកក្រូចឆ្មារ មានឃុំរដ្ឋបាលចំនួន១២ ចំនួនប្រជាជនសរុប ១០៧,៥៧៨នាក់ /ស្រី៥២៨១៣នាក់ មានមណ្ឌល សុខភាពចំនួន១២ មន្ទីរពេទ្យបង្អែកក្រូចឆ្មារ (CPA1) ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារមានបុគ្គលិកសរុបចំនួន១៥៦នាក់ ក្នុងនោះ បុគ្គលិក ក្របខណ្ឌមានសរុប ១៣៥ និងបុគ្គលិកកិច្ចសន្យាមានសរុប២១នាក់ផងដែរ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន ក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់ ១,៤ លានដុល្លារ បំពាក់ ដោយបរិក្ខារទំនើប និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕