អ៊ីរ៉ង់ ប្រគល់ «គំនិតផ្ដួចផ្ដើមសន្តិភាពមួយ» របស់អឺរ៉ុប ឱ្យរុស្ស៊ី


 (តេហេរ៉ង់)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញាឆ្នាំ២០២២ គឺ អ៊ីរ៉ង់បានប្រគល់ «គំនិតផ្ដួចផ្ដើមសន្តិភាពមួយ» ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយ ក្រែន ដែលស្នើឡើងដោយមេដឹកនាំអឺរ៉ុបម្នាក់ ទៅឱ្យរុស្ស៉ីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ។

ឈរនៅក្បែររដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ កំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុង មូស្គូ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian) បានទទួលស្គាល់ពីការប្រគល់សំណើស្ដីពីគំនិតផ្ដួចផ្ដើមសន្តិភាពខាងលើ របស់អឺរ៉ុប ដែលលោកផ្ទាល់ បានអះអាងថាត្រូវបានប្រគល់ជូនប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី កាលពីពេលថ្មីៗនេះ។ លោក អាមៀអាប់ឌុលឡាហៀន បានគូសបញ្ជាក់ដូច្នេះថា «មានគំនិត ជាច្រើនដែលអាចជួយស្វែងរកសន្តិភាព និងបញ្ឈប់ការវាយប្រយុទ្ធគ្នានៅអ៊ុយក្រែន ហើយខ្ញុំបាន ចែករំលែកគំនិតទាំងនេះជាមួយលោក ឡាវរ៉ូវ»

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះមិនបានបញ្ជាក់ថាតើមេដឹកនាំអឺរ៉ុបណា មួយដែលជាអ្នកនៅពីក្រោយគំនិតផ្ដួចផ្ដើមសន្តិភាពបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយក៏ មិនបានបញ្ជាក់លម្អិតពីខ្លឹមសារនោះដែរ ដោយគ្រាន់តែឱ្យដឹងថាត្រួសៗថាសំណើទាំងនោះ មាន ជាប់ពាក់ព័ន្ធនឹង រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា និងអ្នកទោសសង្រ្គាម៕