រុស្ស៊ី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ ពីកូរ៉េខាងជើង


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃអង្គារ ទី៦ ខែ កញ្ញា ឆ្នាំ២០២២ គឺ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថារុស្ស៉ី កំពុងបញ្ជាទិញ គ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង ដែលនេះ ជាសញ្ញាមួយបង្ហាញថា ទណ្ឌកម្មរបស់លោកខាងលិច បានរឹតត្បិតយ៉ាងខ្លាំងលើចង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យទីក្រុងមូស្គូបោះដៃ ទៅរកការផ្គង់ផ្គង់បរិក្ខារយោធាពី ប្រទេសឯកោ ដូចជាកូរ៉េខាងជើង។

សារព័ត៌មាន New York Times ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និង មិនបានបញ្ជាក់ពីកាលបរិច្ឆេទ ទំហំប្រាក់ ឬក៏ប្រភេទអាវុធជាក់លាក់ដែលរុស្ស៉ីបញ្ជាទិញពីកូរ៉េខាងជើងនោះឡើយ។ ប៉ុន្តែ មន្ត្រី អាមេរិកម្នាក់បានឱ្យដឹងថា បន្ថែមពីលើការទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត រុស្ស៉ីក៏៏កំពុងព្យាយាម ទិញបរិក្ខារយោធាដទៃជាច្រើនទៀតពីកូរ៉េខាងជើង ផងដែរ។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ New York Times កើតមានឡើង បន្ទាប់ពីរុស្ស៉ីក៏ត្រូវបាន គេអះអាងដែរថាបានទិញយន្ដហោះដ្រូនរបស់អ៉ីរ៉ង់ជាច្រើនគ្រឿង ដើម្បីប្រើប្រាស់នៅក្នុងសង្រ្គាម អ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកលើតំបន់ភាគខាងត្បូង ដណ្ដើម យកទឹកដីដែល ទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ៕