(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា នៅការិយា ល័យស៊ីធីខេត នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ ឯកឧត្តម អូស្មាន ហាស្សាន់ បានស្នើដល់លោកស្រី ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វីលី ពីន ឲ្យជួយសហការ និងផ្សព្វផ្សាយពីផលិតផលហាឡាលកម្ពុជា ដល់ប្រជាជន សហគ្រិន និងអ្នក វិនិយោគ នៃប្រទេសហ្វីលីពីន និងអំពាវនាវពួកគេឲ្យមកធ្វើការវិនិយោគលើវិស័យហាឡាល នៅ កម្ពុជា។

ជាកិច្ចឆ្លើយតប លោកស្រី Maria Amelita C.Aquino បានសន្យាថា នឹងសហការផ្សព្វផ្សាយពី ផលិតផលហាឡាលដែលកម្ពុជាមាន។ លោកស្រីមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះការវិនិយោគ លើវិស័យនេះ ដើម្បីនាំយកផលិតផលហាឡាលកម្ពុជា ទៅប្រកួតប្រជែងលើទីផ្សារប្រទេសហ្វីលីពីន ក៏ដូចជាទីផ្សារពិភពលោក ព្រោះផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការសម្រាប់ប្រជាជន មុស្លិមប៉ុណ្ណោះទេ តែជាតម្រូវការសម្រាប់ប្រជាជនទូទៅផងដែរ។
សូមជម្រាបថា ប្រជាជនមុស្លិមក្នុងប្រទេសហ្វីលីពីន មានចំនួន ១៥% នៃប្រជាជនសរុបជាង១១២ លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន៕
































