(ភ្នំពេញ)៖ សាធារណរដ្ឋប៉ូឡូញ បានប្រកាសបើកស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួន ប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉ូសវ៉ូត រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង បាងកក ប្រទេសថៃ, លោក ចែម វិឌ្យា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអ ន្ដរជាតិ និងលោក លោកស្រីជាថ្នាក់ដឹកនាំបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ និង អន្ដរជាតិជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក Waldemar Dubaniowski បានថ្លែងនូវការស្វាគមន៍ ចំពោះការបើក ស្ថានកុងស៊ុលកិត្តិយសប៉ូឡូញ ដែលនេះត្រូវបានចាត់ទុកថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ (ប៉ូឡូញ-កម្ពុជា)។ លោកថាកុងស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេសរវាងរដ្ឋាភិបាល អ្នកជំនួញ ការសម្របសម្រួល វប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ។
បើតាមលោកឯកអគ្គរដ្ឋទូត នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ូឡូញបានក្លាយជាដៃគូដ៏សំខាន់មួយរបស់ កម្ពុជា។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប៉ូឡូញ មានការកើនឡើងជាវិជ្ជមាន ដោយបានឈានដល់៥៩០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលតួលេខនេះកើនឡើងជាង៣០ភាគរយ បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ លោក ស សារិន ដែលត្រូវបានតែងតាំងជា កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋ ប៉ូឡូញប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ប៉ូឡូញ គឺត្រូវបានដឹកនាំដោយកិច្ចសហ ប្រតិបត្តិការ ការយោគយល់ទៅវិញទៅមក និងចំណងមិត្តភាពដ៏យូរអង្វែង។ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យការទូត វប្បធម៌ និង ពាណិជ្ជកម្ម ចាប់តាំងតែពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៦មក។
លោកជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញនៅក្នុងប្រទេសកម្ពុជា នឹងជួយពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមិត្ត រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។

ក្នុងនាមជាកុលស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅកម្ពុជា លោកនឹងទទួលបន្ទុកនូវ តួនាទីសំខាន់ៗ ដោយក្នុងនោះរួមមាន ទាំងតួនាទីជួយអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច ទេសចរណ៍ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌រវាងសាធារណរដ្ឋប៉ូឡូញ និងកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់សេដ្ឋកិច្ច វិទ្យាសាស្រ្ត វប្បធម៌ និងភាសារបស់ប៉ូឡូញ។ ការគាំទ្រជាមួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ពីសំណាក់វិស័យរដ្ឋ និងឯកជន នឹងដើរតួនាទីជាកត្តា គន្លឹះមួយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃការលើកស្ទួយចំណងទាក់ទងទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញឲ្យដល់កម្រិតថ្មីមួយទៀត៕

































