វិមានក្រឹមឡាំង បដិសេធរបាយការណ៍​ដែលថា មានជនជាតិរុស្ស៉ីចំនួន ៧០ម៉ឺននាក់បានភៀសខ្លួន ចេញពីប្រទេស


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា វិមានក្រឹម ឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែតុលា) នេះបានបដិសេធរបាយការណ៍ដែលថា ជនជាតិរុស្សី ៧០ ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានប្រកាសពីការកែនទ័ពបម្រុង ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនមានតួលេខពិតប្រាកដសម្រាប់ចំនួនមនុស្សដែលបានចាកចេញពីប្រទេស ចាប់តាំងពីការប្រកាសរបស់ប្រធានាធិបតី Vladimir Putin អំពី «ការកែនទ័ពដោយផ្នែក» នៅថ្ងៃទី ២១ ខែកញ្ញានោះទេ។ ប៉ុន្តែលោកបានបដិសេធចំពោះតួលេខដែលថា មានចំនួន​៧០០,០០០ នាក់នោះ។

អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ​មិន​មាន​តួលេខ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ប្រាកដ​ណាស់​ វា​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​ត្រូវ​បាន​គេ​អះអាង​ទាំងនោះ»

គួរបញ្ជាក់ថា ជនជាតិរុស្សីរាប់ម៉ឺននាក់ ដែលភាគច្រើនជាបុរសវ័យយោធា បានភៀសខ្លួនចេញពី ប្រទេសក្នុងគោលបំណងជៀសវាង ការត្រូវបានកោះហៅឱ្យទៅបម្រើការជាកងទ័ព ដើម្បីប្រយុទ្ធនៅ ក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសកាហ្សាក់ស្ថាន ហ្សកហ្ស៊ី និងម៉ុងហ្គោលី ដែលទាំងអស់ដែល មានព្រំប្រទល់ដីជាមួយរុស្ស៊ី សុទ្ធតែបានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកឆ្លងព្រំដែន បន្ទាប់ ពីការប្រកាសរបស់ លោក ពូទីន៕