(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ទីក្រុងមូស្គូ និងទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ពួកគេបានធ្វើការដោះដូរអ្នកទោសចំនួន៤០នាក់បន្ថែមទៀត ដែលជាការដោះដូរអ្នកទោសថ្មីមួយ ទៀតរវាងប្រទេសទាំងពីរ។

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) បានឲ្យដឹងតាម បណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសមួយផ្សេងទៀតបានធ្វើឡើង ដែលជាពេល វេលាដ៏រីករាយ។ ពួកគេគឺជាទាហានអ៊ុយក្រែន១៤នាក់ កងឆ្មាំជាតិ និងកងទ័ពជើងទឹកចំនួន៤នាក់»។ ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី ក៏បានឲ្យដឹងដែរថា «ទាហានរុស្ស៉ីចំនួន២០នាក់ បានវិល ត្រឡប់ពីទឹកដីអ៊ុយក្រែនវិញហើយ និងកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្ត»។
គួរបញ្ជាក់ថា ការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន លើកចុងក្រោយធ្វើឡើងកាលពីថ្ងៃអង្គារ ដោយទីក្រុងកៀវ បានអះអាងថា ទាហានរបស់ខ្លួនចំនួន៣២នាក់ត្រូវបានដោះលែង៕
































