(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ គឺបានអោយដឹងថា នៅថ្ងៃពុធនេះ អ៊ុយក្រែនបានអះអាងថា យោធារបស់ខ្លួនបាន បាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសអ៉ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេល ជាង១ខែមកនេះ។
យោធាអ៊ុយក្រែនបានប្រាប់ ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ចាប់ពីការបាញ់ទម្លាក់លើកដំបូងបំផុត នៃយន្តហោះដ្រូនអត្តឃាត សាហ៉ីដ-១៣៦ (Shahed-136) ដែលផលិតដោយអ៊ីរ៉ង់ នៅក្នុងទឹកដី របស់អ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែកញ្ញាមក កងទ័ពអាកាស ក៏ដូចជាកងអង្គភាពដទៃទៀត នៃកង កម្លាំងការពារជាតិអ៊ុយក្រែន បានបាញ់កម្ទេចដ្រូនប្រភេទនេះសរុប ២២៣គ្រឿងហើយ»។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋធានីកៀវនិងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន បាន ទទួលរងការវាយប្រហារដោយ យន្តហោះដ្រូនអត្តឃាត ពីសំណាក់កងកម្លាំងរុស្ស៉ី ហើយបណ្តាល ឱ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត និងបង្កការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ខណៈទីក្រុងកៀវចោទថា រុស្ស៉ីបានដ្រូនទាំងនោះមកពីអ៊ីរ៉ង់ក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែប្រកែកថា ខ្លួនមិនបានផ្គត់ផ្គង់ដ្រូនឬមីស៉ីល ឱ្យទីក្រុងមូស្គូ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ឡើយ៕































