សម្តេចតេជោ ហ៊ុន សែន គាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់ គុកមួយជីវិត និងចាត់ទុកថាគឺរឿងត្រឹមត្រូវបំផុត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការកាត់ទោសរបស់ តុលាការទៅលើទណ្ឌិត សម រង្ស៉ី ឱ្យជាប់ពន្ធនាគារមួយជីវិត គឺជារឿងដ៏ត្រឹមត្រូវបំផុត ដោយសារតែ មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិនោះព្រមព្រៀងកាត់ទឹកដី ទៅឱ្យជនបរ ទេសដែលជាជនជាតិភាគតិច។

ថ្លែងក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា៖ «កុំថាឡើយអ្នកឯងមិនទាន់កាន់អំណាច សូម្បីតែខ្ញុំ កាន់អំណាច ក៏ខ្ញុំគ្មានសិទ្ធិ កាត់ទឹកដីសូម្បីមួយមីលីម៉ែត្រឱ្យប្រទេសណាដែរ បើខ្ញុំធ្វើបែបនោះ ខ្ញុំក៏ត្រូវ តែជាប់ទោសដូចគ្នា អញ្ចឹងក្នុងចំណុចនេះ គប្បីត្រូវបានបញ្ជាក់ឱ្យច្បាស់ថា សាលក្រមតុលាការនេះគឺ ត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់»

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើ នយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយ ផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការ ចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បាន បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើអាចធ្វើជាមេដឹកនាំកម្ពុជាបែបណាទៅ បើខ្លួន មិនទាន់មានអំណាចផង ខ្លួនទៅចុះហត្ថលេខាប្រគល់ឱ្យទឹកដីទៅឱ្យជនបរទេស រហូតដល់ទៅដល់ ៤ខេត្ត ហើយធ្វើការបកស្រាយថា​ ដើម្បីផ្តល់នូវសិទ្ធិសម្រាប់ជនជាតិដើមភាគតិច។ កម្មវិធីចុះហត្ថលេខានោះ មានទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងទង់ជាតិម៉ុងតាញ៉ាដែលជាក្រុម អបគមន៍ប្រឆាំងរដ្ឋាភិបាលនៅវៀតណាម។

សម្តេចបានបញ្ជាក់បន្ថែមថា «អញ្ចឹងបើសិនជាគ្រាន់តែជាការផ្តល់សិទ្ធិអំណាចឱ្យប្រជាជនជនជាតិដើមភាគតិច វាអត់មានតម្រូវការដើម្បីឱ្យជនជាតិទាំងនោះមានទង់ជាតិទេ អញ្ចឹងតើបកស្រាយថាម៉េច នៅកន្លែងនេះ»

សម្តេចបានបន្តថា ទោះជា លោក សម រង្ស៉ី បកស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែរូបភាពដែលនៅខាង ក្រោយកម្មវិធីចុះហត្ថលេខា គឺគ្រប់គ្រាន់ដែលជាភស្តុតាងបង្ហាញថា ជាការប្រគល់ទឹកដីឱ្យក្រុមម៉ុង តាញ៉ា។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងតើគោលបំណង់ពិតប្រាកដរបស់ជនក្បត់ជាតិនេះ (សម រង្ស៉ី) គឺដើម្បីអ្វី?»។ សម្តេចថ្លែងថា «ទោសនៅកម្ពុជា អត់មានទោសប្រហារជីវិតទេ ក្នុងករណីដែល មានទោសប្រហារជីវិត ប្រហែលជាតុលាការនឹងកាត់អតិបរមា គឺប្រហារជីវិត ប៉ុន្តែយើងមានទោស ត្រឹមជាប់គុកមួយជីវិតប៉ុណ្ណោះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវមើលឃើញឱ្យច្បាស់អំពីចរិតសារ ជាតិក្បត់ជាតិរបស់ជនក្បត់ជាតិនេះ ដែលខ្ញុំចាត់ទុកថា ជាអំពើក្បត់៣ជំនាន់មនុស្ស តាំងពីជីតា ឪពុករហូតមកដល់កូន»

ពាក់ព័ន្ធនឹងការការពារព្រំដែននេះ ត្រូវបានសម្តេចបញ្ជាក់ថា សព្វថ្ងៃរាជរដ្ឋាភិបាល បានខិតខំចរ ចាព្រំដែនសូម្បីត្រឹមប្រវែងមួយតឹកមួយផឹងជាមួយប្រទេសជិតខាង ហើយបានត្រឹម៨៤ភាគរយតែ ប៉ុណ្ណោះ នៅសល់១៦ភាគរយ នៅតថ្លៃគ្នាស្វិតស្វាញនៅឡើយ ប៉ុន្តែហេតុអ្វីបានជា ទណ្ឌិត សម រង្ស៉ី មិនទាន់បានកាន់អំណាចផង បែរជាហ៊ានកាត់ទឹកដីរហូតដល់៤ខេត្តទៅឱ្យជនបរទេស​ដូច្នេះ៕