ម៉ាឡេស៊ីថា ការសម្រេចចិត្តរបស់ OPEC+ កាត់បន្ថយទិន្នផលប្រេងគឺដើម្បីដោះស្រាយភាព មិនច្បាស់លាស់នៃទីផ្សារ

 (គូឡាឡាំពួរ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ការសម្រេចចិត្តរបស់រដ្ឋជាសមាជិកនៃអង្គការ OPEC+ ក្នុងការកាត់បន្ថយផលិតកម្មប្រេង គឺជាការ សម្រេចចិត្តជាឯកច្ឆ័ន្ទហើយត្រូវបានធ្វើឡើងបន្ទាប់ពីគិតគូរពីតម្រូវការដើម្បីដោះស្រាយភាពមិនច្បាស់លាស់នៃទីផ្សារ។ ប្រទេសម៉ាឡេស៊ីបានចូលរួមជាមួយប្រទេសជាសមាជិករបស់អង្គការ OPEC+ ផ្សេងទៀតក្នុងសប្តាហ៍នេះក្នុងការគាំទ្រដល់ការកាត់បន្ថយយ៉ាងខ្លាំងនូវគោលដៅទិន្នផលប្រេងរបស់អង្គការ OPEC+ បន្ទាប់ពីសេតវិមានបានចោទប្រកាន់អារ៉ាប៊ីសាអូឌីតពីការបង្ខិតបង្ខំប្រទេសមួយ ចំនួនឱ្យគាំទ្រវិធានការនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី លោក Mustapa Mohamed ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាល ពីថ្ងៃអង្គារថា៖ «បណ្តាប្រទេស OPEC+ បានរួមគ្នាពិចារណាលើកត្តានានាដែលរួមមាន មូលដ្ឋាន គ្រឹះនៃទីផ្សារ ជាពិសេសដើម្បីដោះស្រាយភាពមិនប្រាកដប្រជាក្នុងការផ្គត់ផ្គង់ប្រេងពិភពលោក និងស្ថានភាពតម្រូវការ»។

លោកមានប្រសាសនថា៖ «ដោយពិចារណាទៅលើចក្ខុវិស័យនៃភាពមិនច្បាស់លាស់យូរអង្វែង ម៉ាឡេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើងជាមួយអង្គការ OPEC+ ដើម្បីធានា ស្ថិរភាពនៃទីផ្សារប្រេងពិភពលោក»៕