សេតវិមាន អោយដឹងថា លោក ចូ បៃដិន នឹងជំរុញឱ្យលោក ស៊ី ជិនពីង ទប់ស្កាត់ «គោលបំណង អាក្រក់» របស់កូរ៉េខាងជើង

 (នៅលើយន្ដហោះ AIR FORCE ONE)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជំរុញឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទប់ស្កាត់គោលបំណងអាក្រក់របស់ កូរ៉េខាងជើង ហើយនឹងប្រាប់លោក ស៊ី ផងដែរថាការបង្កើនការធ្វើតេស្ដអាវុធរបស់ទីក្រុងព្យុងយ៉ាង នឹងកាន់តែ ជំរុញឱ្យសហរដ្ឋអាមេរិក ពង្រឹងវត្តមួយយោធានៅក្នុងតំបន់ អាស៊ី។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងពេលអមដំណើរលោក ចូ បៃដិន ឆ្ពោះមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃសៅរ៍នេះ ទីប្រឹក្សាសន្តិសុខ ជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានឱ្យដឹងថាលោក បៃដិន នឹងប្រាប់លោក ស៊ី ថាចិនមានផលប្រយោជន៍ក្នុងការដើរ តួនាទីប្រកបដោយលក្ខណៈស្ថាបនា ក្នុងការទប់ស្កាត់ គោលបំណងអាក្រក់របស់កូរ៉េខាងជើង។ ប៉ុន្តែ លោក ស៊ូលីវ៉ាន់ បានបញ្ជាក់ថាលោក ចូ បៃដិន នឹងមិនធ្វើការស្នើសុំ ណាមួយពីចិននោះទេ ដោយរឿងដាក់សម្ពាធយ៉ាងណាលើកូរ៉េខាងជើង គឺវាអាស្រ័យលើចិនខ្លួនឯង។

គួរបញ្ជាក់ថា កូរ៉េខាងជើង មួយរយៈកាលចុងក្រោយនេះបានធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ដែលនេះ ត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថាជាសញ្ញាបង្ហាញថាទីក្រុងព្យុងយ៉ាង អាច នឹងធ្វើតេស្ដអាវុធនុយ ក្លេអ៊ែរឡើងវិញឆាប់ៗនេះ និងជាលើកទី៧ ក៏ដូចជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក៕