លោក ចូ បៃដិន ប្រាប់លោក ស៊ី ជិនពីងថា ចិនត្រូវតែព្យាយាមរារាំងកុំឱ្យ កូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(បាលី, ឥណ្ឌូណេស៊ី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានា ធិបតីចិន លោក ស៊ី ជិនពីងថាទីក្រុងប៉េកាំងមានកាតព្វកិច្ច ព្យាយាមនិយាយជាមួយកូរ៉េខាងជើង កុំឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាមិនច្បាស់ថាតើចិនអាចរារាំងទីក្រុងព្យុងយ៉ាង បាន ឬក៏អត់ ក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបទល់មុខជាលើកដំបូងចាយពេលជាង ៣ម៉ោង ជាមួយ​លោក ស៊ី ជិនពីង នៅមុនកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី​ នៅថ្ងៃចន្ទ សប្ដាហ៍​នេះ លោក បៃដិន ក៏បានឱ្យដឹងដែរថាលោកផ្ទាល់បានព្រមានលោក ស៊ី ថាសហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងករណី ទីក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាពួកគេ (ចិន) មានកាតព្វកិច្ចព្យាយាមបញ្ជាក់ឱ្យ ច្បាស់ទៅកាន់កូរ៉េខាងជើង ថាមិនត្រូវធ្វើតេស្ដ អាវុធនុយក្លេអ៊ែរនោះទេ បើទោះជាវាពិបាកក្នុង​ការកំណត់ថាតើចិនមានសមត្ថភាពធ្វើបែបនេះ ដែរឬក៏យ៉ាងណាក៏ដោយ»

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលធ្វើឱ្យក្រុមអ្នកជំនាញខ្លះព្រមានថានេះជា សញ្ញាមួយបង្ហាញពីការត្រៀមលក្ខណៈធ្វើតេស្ដ អាវុធនុយក្លេអ៊ែរជាលើកទី៧ និងលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក៕