(នូសា ឌូអា, ឥណ្ឌូណេស៊ី)៖ សារព័ត៌មាន Financial Times នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបាន រាយការណ៍ថាបណ្ដាប្រទេសជាសមាជិក G20 ភាគច្រើន បានថ្កោលទោស សង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន ហើយនឹងបញ្ជាក់ថាសព្វថ្ងៃ មិនមែនជាយុគសម័យធ្វើសង្រ្គាមនោះទេ។
Financial Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ មួយរបស់ G20 និងមន្ត្រីទូត ២រូប។ បើតាមសេចក្ដីព្រាងនៃ សេចក្ដីថ្លែងការណ៍នេះ បណ្ដាប្រទេស ជាសមាជិក G20 ភាគច្រើនបានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថាសង្រ្គាមនេះ បានបង្កការឈឺចាប់ដល់មនុស្សជាតិយ៉ាងធំសម្បើម និងបង្ក ការខូចខាតបន្ថែមដល់សេដ្ឋកិច្ចសកលដែលកំពុងមានភាពផុយស្រួយស្រាប់។

សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ដដែល ក៏បានចាត់ទុកផងដែរថា ការប្រើប្រាស់ ឬការសម្លុតគំរាម ប្រើអាវុធនុយក្លេអ៊ែរជារឿងមិនអាចទទួលយកបាន ហើយថាសព្វថ្ងៃ មិនមែនជាយុគសម័យធ្វើ សង្រ្គាមនោះទេ ខណៈដំណោះស្រាយសន្តិភាព កិច្ចចរចា និងកិច្ចសន្ទនាតាមផ្លូវការទូតជារឿងចាំ បាច់បំផុត។ សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ ត្រូវបានព្រមព្រៀង ដោយក្រុមប្រតិភូនៃប្រទេសជា សមាជិក G20 ភាគច្រើន កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ តែនៅត្រូវរង់ចាំការចុះហត្ថលេខាពីមេដឹក នាំ G20 នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ៕
































