ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគារសុខាខេត្ត សៀមរាប។

ក្នុងអញ្ជើញជាអធិបតីបើកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ដែលគូស រំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួល ធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជា តិមកពីប្រទេសមិនមែន សមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានឱ្យដឹងថា ងកិច្ចប្រជុំរដ្ឋមន្ត្រីការពារ ជាតិអាស៊ានបូក នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការការពារជាតិក្នុងតំបន់»។

នៅក្នុងពិធីបិទបញ្ចប់ នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែង ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនលោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ផងដែរ៕