(ហ្សាការតា)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា ទីភ្នាក់ងារភូមិវិទ្យានៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹង ថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើខេត្តជ្វាខាងលិច ឬ West Java នៅថ្ងៃ ព្រហស្បតិ៍នេះដោយបណ្ដាលឱ្យប្រជាជននៅក្នុងតំបន់ក្បែរចំណុចរំញ័ររត់ចេញពីផ្ទះសម្បែងទាំងភ័យស្លន់ស្លោ។

បើតាមទីភ្នាក់ងារភូមិវិទ្យាឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើមានចំណុចរំញ័រស្ថិតនៅចម្ងាយ ២២ គីឡូម៉ែត្រពីទីក្រុង ស៊ូកាប៊ូមី (Sukabumi) ដោយមិនបានបង្កឱ្យមាន រលកយក្សស៊ូណាមិនោះទេ ហើយមានជម្រៅរញ្ជួយទៅក្នុងដី ១០៤គីឡូម៉ែត្រ។ ប្រជាជនជាច្រើនបានរត់ចេញពីផ្ទះក្នុងទីក្រុង Sukabumi ខណៈគ្រោះរញ្ជួយដីនេះក៏បាន បង្កការរំញ័រទៅដល់រដ្ឋធានីហ្សាការតា និងតំបន់ក្បែរ ខាងផងដែរ។
ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះនោះទេ។ កាលពីខែវិច្ឆិកា គ្រោះ រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារលើទីក្រុងស៊ីយ៉ានជួរ (Cianjur) នៃខេត្ត West Java ដោយសម្លាប់មនុស្សជាង ៣០០នាក់ និងផ្ទះសម្បែងរាប់ពាន់ខ្នងរងការខូចខាត៕
































