លោកស្រី Boluarte ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ត្រីដំបូងបំផុត នៃប្រទេសប៉េរូ


 (លីម៉ា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ គឺ លោកស្រី ឌីណា បូលូអាត (Dina Boluarte) នៅថ្ងៃពុធសប្ដាហ៍នេះបានស្បថចូល កាន់តំណែងជាប្រធានាធិបតីនៃប្រទេសប៉េរូ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ប៉េត្រូ កាស្ទីយ៉ូ (Pedro Castillo) ត្រូវបានសភាដកតំណែង។

លោកស្រី បូលូអាត ដែលមានតួនាទីជាអនុប្រធានាធិបតី បានក្លាយជាប្រធានាធិបតីជាស្ត្រីដំបូង បំផុតរបស់ប៉េរូ ក្រោយលោកប្រធានាធិបតី កាស្ទីយ៉ូ ត្រូវបានសមាជិកសភានាំគ្នាបោះឆ្នោតបណ្ដេញ ចេញពីអំណាច និងចាប់ខ្លួន បន្ទាប់ពីលោកប៉ុនប៉ងរំលាយសភាជាតិ។ ការបោះឆ្នោតទម្លាក់លោក ប៉េត្រូ កាស្ទីយ៉ូ ចេញពីអំណាចធ្វើឡើង បន្ទាប់ពីប្រធានាធិបតីវ័យ ៥៣ឆ្នាំរូបនេះបានប្រកាសនៅក្នុង សុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍ថាលោក បាន និងកំពុងរំលាយសភាគ្រប់គ្រងដោយគណបក្ស ប្រឆាំង និងដាក់ចេញបម្រាមគោចរ។

ការប្រកាសនេះបានទទួលរងការរិះគន់យ៉ាងខ្លាំង ហើយសមាជិកសភា បានកោះប្រជុំបន្ទាន់ ដើម្បី ជជែកដេញដោលលើការទម្លាក់លោក កាស្ទីយ៉ូ ពីអំណាច និងបានអនុម័តលើសេចក្ដីសម្រេចជា មួយការសំឡេងគាំទ្រ ១០១សំឡេង ក្នុងចំណោមសមាជិកសរុប ១៣០រូប។

សមាជិកសភាមកពីគណបក្សប្រឆាំងបានអះអាងថាលោក កាស្ទីយ៉ូ ត្រូវបានទម្លាក់ចេញពីអំណាច ដោយសារអសមត្ថភាព ក្នុងការដឹកនាំប្រទេស និងស្របទៅតាមរដ្ឋធម្មនុញ្ញជាតិដែលអនុញ្ញាតឱ្យ ដំណើរការនីតិវិធីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីអំណាច៕