(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋកូឡុំប៊ី។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅ ទីក្រុងបូហ្គូតា ដោយមានលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Francisco José Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី ជាសហប្រធាន បានពិនិត្យឡើងវិញការ ងារ ដែលបានព្រមព្រៀងគ្នា ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ និងបានកំណត់ទិសដៅថ្មី នៃវិធានការជាក់លាក់ ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវទំនាក់ទំនងទ្វេភាគី ហើយបានផ្លាស់ប្តូរទស្សនៈ និងធ្វើបច្ចុប្បន្នភាពលើប្រធានបទជាច្រើន ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានកិច្ចសហ ប្រតិបត្តិអភិវឌ្ឍន៍ ការបង្រួបបង្រួមជាតិ ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ កសិកម្ម ការ ដោះមីន និងប្រតិបត្តិការរក្សាសន្តិភាព។ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិត ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូនភាគីមិត្តអំពីលក្ខខណ្ឌអំណោយផល នៃបរិយាកាសធុរកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា ហើយបានស្នើឱ្យមានការរៀបចំ វេទិកាធុរកិច្ចអមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មតភ្ជាប់ រវាងធុរកិច្ចនៃប្រទេសទាំងពីរ។
ក្នុងវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិកាទេសចរណ៍ និងជួយគ្នាទៅវិញទៅមកក្នុងការរៀបចំសកម្មភាព ផ្សព្វផ្សាយទេសចរណ៍ និងលើកទឹកចិត្តប្រជា ពលរដ្ឋឱ្យធ្វើដំណើរទៅកាន់ ប្រទេសរៀងៗខ្លួន។ ក្នុងន័យនេះ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា។

ក្នុងវិស័យអប់រំ ភាគីកូឡុំប៊ីបានស្វាគមន៍ ចំពោះសំណើរបស់កម្ពុជាក្នុងការចុះអនុស្សារណៈយោគ យល់គ្នា រវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ហើយបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍ភាសា អេស្ប៉ាញ ដល់មន្ត្រីកម្ពុជានៅឆ្នាំខាងមុខ។
ភាគីកូឡុំប៊ីក៏បានសម្រេចផ្តល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជាចាប់ពី ឆ្នាំ២០២៣ តទៅផងដែរ។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មតាម រយៈការចែករំលែកបច្ចេកវិទ្យា ជាពិសេសការបង្កាត់ពូជស្រូវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរ ទស្សនកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកជំនាញ។ ភាគីកូឡុំប៊ីក៏បានស្នើឱ្យមានគម្រោងបណ្តុះបណ្តាលរួមគ្នា រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយៈសេវាបណ្តុះបណ្តាលជាតិរបស់ក្រសួងការងារកូឡុំប៊ី។
ចំពោះកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការរក្សាសន្តិភាព ភាគីកូឡុំប៊ីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការដោះមីន ដល់មន្ត្រីកូឡុំប៊ីជាង ១៨០នាក់ ចាប់ពីឆ្នាំ ២០១០។
លោក អ៊ុច បូររិទ្ធ បានសម្តែងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលមន្រ្តី កូឡុំប៊ីរយៈពេលបីឆ្នាំបន្ថែមទៀត (២០២៣-២០២៥) ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រី ភាគីកម្ពុជា-ជប៉ុន-កូឡុំប៊ី។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើញ្ហាតំបន់ និងអន្តរជាតិដែលមានសារៈប្រយោជន៍ទៅវិញទៅ មក រួមទាំងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ក៏ដូចជាការគាំទ្រពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។
លោក Francisco José Coy Granados បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងអំឡុងពេល ដែលបញ្ហាភូមិ សាស្ត្រនយោបាយមានភាពតានតឹង។
ឯកឧត្តម អ៊ុច បូររិទ្ធ បានកត់សម្គាល់អំពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសកូឡុំប៊ី ក្នុងការពង្រឹង ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងតំបន់ អាស៊ាន និងអាមេរិកខាងត្បូង។
ភាគីទាំងពីរបានឯកភាព ជំរុញទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ
ក្នុងពិធីរំលឹកខួបលើកទី៥០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូឡុំប៊ី។
ឯកឧត្តម អ៊ុច បូររិទ្ធ
បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគីកូឡុំប៊ី ដែលបានបោះពុម្ពតែម ប្រៃសណីយ៍ជានិមិត្តសញ្ញា
នៃមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងឱកាសដ៏ថ្លៃថ្លានេះ៕
































