(ឌូបៃ)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ ២០២២ ប្រាប់អោយដឹងថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះថា បណ្ដាប្រទេសអារ៉ាប់ជិតខាងរបស់អ៉ីរ៉ង់មួយនេះ នឹងធ្វើ សកម្មភាព ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន ប្រសិនបើទីក្រុងតេហេរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ មែននោះ។

នៅពេលត្រូវបានសួរអំពីសេណារីយ៉ូរបស់អ៉ីរ៉ង់ ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់សាអ៊ូដ (Faisal bin Farhan Al Saud) បានថ្លែងនៅក្នុង បទសម្ភាសន៍ នៅឯសន្និសីទស្ដីពីគោល នយោបាយពិភពលោក នៅទីក្រុងអាប៊ូ ដាប៊ី (Abu Dhabi) យ៉ាងដូច្នេះថា «ប្រសិនបើអ៉ីរ៉ង់ផលិត បានអាវុធនុយក្លេអ៊ែរ មកធ្វើប្រតិបត្តិការមែន នោះលទ្ធផលនៃស្ថានភាព គឺមិនអាចទាយទុកជាមុន បានឡើយ»។
ព្រះអង្គម្ចាស់ បានបន្ថែមថា «យើងកំពុងស្ថិតនៅក្នុងលំហដ៏គ្រោះថ្នាក់នៅក្នុងតំបន់។ អ្នកអាចរំពឹងថារដ្ឋក្នុងតំបន់ពិតជានឹងសម្លឹងឆ្ពោះទៅរករបៀបដែល ពួកគេអាចធានាបាននូវសុវត្ថិភាព ផ្ទាល់ខ្លួនរបស់ពួកគេ»។
គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរ បានជាប់គាំងជាមួយមហាអំណាចលោកខាងលិច ដែលចោទ ប្រកាន់អ៊ីរ៉ង់ថាបានបង្កើនការទាមទារមិនសមហេតុផល ខណៈ កំពុងផ្តោតលើសង្រ្គាមរុស្ស៊ី-អ៊ុយ ក្រែន៕
































